ខណៈពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើប្រតិបត្តិការយោធារួមគ្នា នៅក្នុងប្រទេសអ៊ីរ៉ង់ ទីក្រុងវ៉ាស៊ីនតោន បានរងនូវការបាត់បង់ធនធានយោធាជិត ២ពាន់លានដុល្លារ ក្នុងអំឡុងរយៈពេល ៤ថ្ងៃដំបូងនៃយុទ្ធនាការរបស់ខ្លួន។ នេះបើយោងតាមទិន្នន័យដែលប្រមូលចងក្រងដោយទីភ្នាក់ងារសារព័ត៌មាន Anadolu។
កត្តាចម្បងនៃតួលេខនេះ គឺការបំផ្លាញប្រព័ន្ធរ៉ាដាព្រមានជាមុន AN/FPS-132 ដែលមានតម្លៃ ១,១ពាន់លានដុល្លារ នៅមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា ដែលត្រូវបានវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ (ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦)។ មន្ត្រីកាតាបានបញ្ជាក់អះអាងពីការខូចខាតទ្រព្យសម្បត្តិយុទ្ធសាស្ត្រនេះ។
បន្ថែមពីលើការខាតបង់ប្រព័ន្ធរ៉ាដាដ៏ធំនៅកាតានេះ យោធាអាមេរិកបានជួបប្រទះនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ ទាំងនៅប្រទេសគុយវ៉ែត និងបារ៉ែន អំឡុងដំណាក់កាលដំបូងនៃជម្លោះ។ កាលពីថ្ងៃអាទិត្យ (ទី១ ខែមីនា) យន្តហោះ F-15E Strike Eagle ចំនួន ៣គ្រឿង ត្រូវបានបំផ្លាញនៅក្នុងឧប្បត្តិហេតុ «បាញ់ធ្លាក់ដោយច្រលំ» ដោយប្រព័ន្ធការពារដែនអាកាសគុយវ៉ែត។ បើទោះបីជាសមាជិកនាវិក ៦រូប បានលោតចេញដោយសុវត្ថិភាពក៏ដោយ ក៏ការបាត់បង់តួយន្តហោះត្រូវបានប៉ាន់ប្រមាណមានចំនួន ២៨២លានដុល្លារ។

ក្នុងពេលជាមួយគ្នានេះ ការវាយប្រហារលើកដំបូងរបស់អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍នោះ បានកំណត់គោលដៅទៅលើទីស្នាក់ការកណ្តាលកងនាវាចរទី៥ របស់កងទ័ពជើងទឹកអាមេរិក នៅទីក្រុង Manama របស់បារ៉ែន។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ប្រភពបើកចំហ (OSINT) បញ្ជាក់ពីការបំផ្លាញអគារធំៗជាច្រើន និងស្ថានីយទំនាក់ទំនងផ្កាយរណប AN/GSC-52B (SATCOM) ចំនួន២ ដែលមានការខាតបង់ប្រហែល ២០លានដុល្លារ ទាំងលើហាដវែរ (Hardware) ឯកទេស និងការចំណាយលើការដាក់ពង្រាយ។
ជាមួយគ្នានេះ យោធាអ៊ីរ៉ង់បានអះអាងពីជ័យជម្នះជាយុទ្ធសាស្ត្រ ដោយការបំផ្លាញរ៉ាដា AN/TPY-2 ដែលជាសមាសធាតុតម្លៃ ៥០០លានដុល្លារនៃប្រព័ន្ធប្រឆាំងមីស៊ីលបាលីស្ទិក THAAD របស់សហរដ្ឋអាមេរិក នៅទីក្រុង Al-Ruwais ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ដូច្នេះ ការខាតបង់នេះ ធ្វើឲ្យតម្លៃប៉ាន់ស្មានសរុបនៃធនធានយោធាអាមេរិកដែលខូចខាតដោយសារស្នាដៃរបស់អ៊ីរ៉ង់ មានដល់ ១,៩០២ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះ។ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការ Epic Fury នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលធ្វើឲ្យមេដឹកនាំកំពូលលោក Ali Khamenei បាត់បង់ជីវិត ទីក្រុងតេអេរ៉ង់បានធ្វើការវាយប្រហារសងសឹក លើមូលដ្ឋានសំខាន់ៗចំនួន ៧ របស់អាមេរិក៕


