កាលពីថ្ងៃពុធ (ទី៤ ខែមីនា ឆ្នាំ២០២៦) សេតវិមានបានឲ្យដឹងថា ប្រទេសអេស្ប៉ាញបានយល់ព្រមសហការជាមួយយោធាអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានគំរាមកាត់ផ្តាច់ការធ្វើពាណិជ្ជកម្ម ប៉ុន្តែទីក្រុងម៉ាឌ្រីដ (Madrid) បានបដិសេធថា ខ្លួនមិនបានធ្វើកិច្ចព្រមព្រៀងបែបនេះឡើយ។
កាលពីថ្ងៃអង្គារ លោក Trump បានសន្យាកាត់ផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ ដោយសារតែជំហររបស់ប្រទេសនេះ ប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។ នៅពេលត្រូវបានសួរអំពីបញ្ហានេះ កាលពីថ្ងៃពុធ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា លោកស្រីត្រូវបានគេប្រាប់ថា ប្រទេសអេស្ប៉ាញបានបន្ទន់គោលជំហរហើយ។
ដោយមិនបានពន្យល់ឲ្យលម្អិតច្បាស់លាស់ លោកស្រី Leavitt បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ខ្ញុំគិតថា ពួកគេបានឮសាររបស់ប្រធានាធិបតីយ៉ាងច្បាស់។ តាមខ្ញុំដឹង ប៉ុន្មានម៉ោងកន្លងមកនេះ ពួកគេបានយល់ព្រមសហការជាមួយយោធាអាមេរិកហើយ»។

តែរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares បានបដិសេធថា ប្រទេសអេស្ប៉ាញមិនបានធ្វើកិច្ចព្រមព្រៀងបែបនេះឡើយ។ លោក Albares បានប្រាប់វិទ្យុអេស្ប៉ាញ Cadena Ser ថា៖ «ខ្ញុំបដិសេធយ៉ាងដាច់អហង្ការ។ ខ្ញុំបានឮអំពីសេចក្តីថ្លែងការណ៍ទាំងនេះនៅតាមផ្លូវមកកាន់ទីនេះ ហើយខ្ញុំមានពេលវេលាតិចតួច ដើម្បីពិនិត្យមើល និងស្តាប់ពីការលើកឡើងនោះ»។
លោកបានបន្ថែមថា៖ «ជំហររបស់រដ្ឋាភិបាលអេស្ប៉ាញ លើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការទម្លាក់គ្រាប់បែក លើអ៊ីរ៉ង់ ទាក់ទងនឹងការប្រើប្រាស់មូលដ្ឋានរបស់យើង មិនមានការផ្លាស់ប្តូរសោះឡើយ។ ដូច្នេះ ខ្ញុំបដិសេធយ៉ាងដាច់អហង្ការ និងដោយស្មោះត្រង់។ ខ្ញុំមិនដឹងថា រឿងនេះអាចសំដៅទៅលើអ្វី ឬវាអាចចេញមកពីណានោះទេ»។
លោក Trump បានដាក់ទណ្ឌកម្មពាណិជ្ជកម្មលើទីក្រុងម៉ាឌ្រីដ ដោយសារតែការបដិសេធរបស់ខ្លួន ដែលមិនអនុញ្ញាតឲ្យយន្តហោះអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពជើងទឹក និងអាកាសដែលដំណើរការរួមគ្នា នៅភាគខាងត្បូងនសប្រទេសអេស្ប៉ាញ សម្រាប់ការវាយលុកប្រឆាំងនឹងទីក្រុងតេអេរ៉ង់៕
