យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បានឈានចូលដល់ថ្ងៃទី ៤ ហើយ នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានចូលទៅក្នុងទីក្រុងមួយចំនួននៅព្រំដែន និងបានធ្វើការវាយប្រហារតាមអាកាសដែលបានកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
លីបង់ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា នៅថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡាបានវាយប្រហារអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei អំឡុងពេលមានការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីចុងសប្តាហ៍មុន។

ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋលីបង់ បានរាយការណ៍ពីការវាយប្រហារជាច្រើន នៅព្រឹកថ្ងៃទី៥ ខែមីនានេះ រួមទាំងការវាយប្រហារ ២លើក នៅក្នុងបន្ទាយរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងទីក្រុងបេរូត ជាកន្លែងដែលរូបភាពទូរទស្សន៍របស់សារព័ត៌មាន AFP បង្ហាញឲ្យឃើញផ្សែងហុយទ្រលោមឡើងទៅលើអាកាស។
នៅពេលមុននេះ យោធាអ៊ីស្រាអែល បានប្រាប់ប្រជាជនឲ្យចាកចេញពីតំបន់ជាយក្រុង ជាកន្លែងដែលការវាយប្រហារ ត្រូវបានរាយការណ៍ ដោយព្រមានថា ខ្លួនជិតនឹងវាយប្រហារគោលដៅ ដែលខ្លួនបញ្ជាក់ថា មានទំនាក់ទំនងជាមួយក្រុមហេសបូឡា។ ពុំមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនោះទេ៕

