ពលរដ្ឋប៉ាគីស្ថាន ១៥០នាក់ រួមទាំងនិស្សិតផងដែរដែលត្រូវបានជម្លៀសខ្លួនចេញពីប្រទេសអ៊ីរ៉ង់ស្របពេលការវាយប្រហារកើនឡើងរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល បានធ្វើដំណើរមកដល់ទីក្រុង Quetta កាលពីយប់ថ្ងៃពុធ ជាទីដែលពួកគេ បានស្នាក់នៅមួយយប់ មុនពេលចាកចេញទៅកាន់ទីក្រុងកំណើតរបស់ពួកគេវិញ ។
យុវជន Sakhi Aun Mohammad ដែលជានិស្សិតរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តវេជ្ជសាស្រ្តតេអេរ៉ង់ និយាយថា ការវាយប្រហារដំបូងកើតឡើងនៅជិតមន្ទីរពេទ្យរបស់លោកតែម្តង ពេលដែលលោកនៅវេនប្រចាំការ ។
យុវជនបន្តថា ក្រោយមកលោកបាននិយាយទៅកាន់ស្ថានទូតប៉ាគីស្ថានឲ្យរៀបចំបញ្ជូនរូបលោក និងពលរដ្ឋផ្សេងទៀត ទៅកាន់ប្រទេសប៉ាគីស្ថានវិញ ។

លោកថា អរគុណព្រះកាលដែលនិស្សិតទាំងអស់ បានធ្វើដំណើរមកដល់ទីក្រុង Quetta ដោយសុវត្ថិភាព ។ មិត្តភ័ក្តិជនជាតិអ៊ីរ៉ង់របស់លោក និយាយប្រាប់លោកតាមទូរស័ព្ទថា ប៉ុន្តែផ្ទះសំណាក់ដែលលោកស្នាក់នៅ បានរងការវាយប្រហារ ពេលដែលលោកមកដល់ប៉ាគីស្ថាន ។
ចំណែកឯយុវជន Rakib Abbas គឺជានិស្សិតរៀននៅសាកលវិទ្យាល័យបច្ចេកវិទ្យា Isfahan និយាយថា ប្រទេសជាតិមានសន្តិភាពផ្ទៃក្នុង ទោះបីជាមានសង្គ្រាមក៏ដោយ ហើយលោកបានមើលឃើញសាមគ្គីភាព និងភាពរីករាយ នៅក្នុងចំណោមប្រជាជន ។
យោងតាមការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី Ishaq Dar បានឲ្យដឹងថា ក្រុមអាជ្ញាធរ បានធ្វើមាតុភូមិនិវត្តន៍ជនជាតិប៉ាគីស្ថាន ៧៩២នាក់ ចេញពីអ៊ីរ៉ង់ រួមទាំងនិស្សិត ៤៦នាក់ តាមច្រកព្រំដែន Taftan និង Gwadar ៕
