រដ្ឋមន្រ្តីការបរទេសកាណាដាលោកស្រី Anita Anand និយាយកាលពីថ្ងៃពុធថា ពលរដ្ឋកាណាដាយ៉ាងហោច ២.០៣៥នាក់ បានស្នើសុំជំនួយពីរដ្ឋាភិបាលកាណាដា ដើម្បីចាកចេញពីតំបន់មជ្ឈិមបូព៌ា ។
លោកស្រី Anand បានរៀបរាប់ពីជើងហោះហើរជួល ការបិទការកក់សំបុត្រជើងហោះហើរពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមជើងគោកជាទីដែលអាចធ្វើបាន គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ដើម្បីជួយពលរដ្ឋកាណាដា ចាកចេញពីតំបន់ដោយសុវត្ថិភាព ។

នៅប្រទេសអ៊ីរ៉ង់ ពលរដ្ឋកាណាដា ៧៤នាក់ បានស្នើសុំជំនួយ ហើយបើទោះបីជាការដឹកជញ្ជូនតាមជើងគោកមិនអាចរៀបចំបានក៏ដោយ លោកស្រី Anand និយាយថា ក្រុមមន្រ្តីស្ថានកុងស៊ុលបន្ថែមទៀត ត្រូវបានដាក់ឲ្យឈរជើង នៅប្រទេសជិតខាង ដើម្បីជួយអ្នកដែលឆ្លងកាត់ព្រំដែន ។
នៅប្រទេសអារ៉ាប់រួម ពលរដ្ឋកាណាដា ១.១៧១នាក់ កំពុងព្យាយាមស្វែងរកជំនួយ ខណៈនៅប្រទេសកាតា ពលរដ្ឋកាណាដា ២៣៧នាក់ បានស្នើសុំជំនួយចាកចេញ ។
យោងតាមការអះអាងរបស់លោកស្រី Anand បានឲ្យដឹងថា នៅប្រទេសលីបង់ ពលរដ្ឋកាណាដា ១៦៤នាក់ បានស្នើសុំជំនួយ ហើយពលរដ្ឋ ៩៣នាក់ បានស្នើសុំជំនួយដូចគ្នាពីប្រទេសអ៊ីស្រាអែល ៕
