ប្រទេសអ៊ីរ៉ង់បានបើកការវាយប្រហារថ្មីទៅលើមូលដ្ឋានទ័ពអ៊ីស្រាអែល និងអាមេរិក នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) នេះ ហើយបានគំរាមកំហែងថា សហរដ្ឋអាមេរិក នឹង «សោកស្តាយខ្លាំងបំផុត» ដែលបានបាញ់មីស៊ីលផ្លោងបណ្ដាលឲ្យលិចនាវាចម្បាំងអ៊ីរ៉ង់ ១គ្រឿង នៅក្នុងមហាសមុទ្រឥណ្ឌា។
នៅកន្លែងផ្សេងទៀត មេដឹកនាំសាសនាម្នាក់ បានអំពាវនាវឲ្យ «ធ្វើឲ្យឈាមរបស់មេដឹកនាំអាមេរិកលោក (Donald) Trump ហូរ» ខណៈដែលអ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនបានចាប់ផ្តើមការវាយប្រហារ «ទ្រង់ទ្រាយធំ» លើទីក្រុងតេអេរ៉ង់។ អ៊ីស្រាអែលបានប្រកាសពីការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ ហើយសំឡេងស៊ីរ៉ែនព្រមានពីការវាយប្រហារតាមអាកាស បានបន្លឺឡើងនៅទីក្រុង Tel Aviv និង Jerusalem។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ការវាយប្រហារបន្ថែម ក៏បានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកផងដែរ។ យោធាអ៊ីស្រាអែលបានបា្រប់ថា ខ្លួនបានបើកការវាយប្រហារគោលដៅនៅលីបង់ លើក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ និង «ការវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ» នៅក្នុងរដ្ឋធានីអ៊ីរ៉ង់ ដោយមិនបានពន្យល់លម្អិត។ ក្រោយមក ការផ្ទុះជាច្រើនត្រូវបានឮនៅទីតាំងជាច្រើន នៅក្នុងទីក្រុងតេអេរ៉ង់រយៈពេលខ្លី។

កងទ័ពជើងទឹកអាមេរិក បានបាញ់នាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងបណ្ដាលឲ្យលិច កាលពីយប់ថ្ងៃអង្គារ នៅក្នុងមហាសមុទ្រឥណ្ឌា ដោយបានសម្លាប់នាវិកអ៊ីរ៉ង់យ៉ាងហោចណាស់ ៨៧នាក់ ដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានថ្កោលទោសថា ជា «ការប្រព្រឹត្តិអំពើឃោរឃៅនៅសមុទ្រ»។
លោកបានសរសេរនៅលើបណ្ដាញសង្គមថា៖ «នាវាចម្បាំង Frigate Dena ដែលជាភ្ញៀវរបស់កងទ័ពជើងទឹកឥណ្ឌា មាននាវិកជិត ១៣០នាក់ ត្រូវបានវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិដោយគ្មានការព្រមាន។ សូមចងចាំពាក្យសម្ដីរបស់ខ្ញុំទុក នោះគឺថា សហរដ្ឋអាមេរិកនឹងសោកស្តាយខ្លាំងបំផុត ចំពោះគំរូដែលខ្លួនបានកំណត់ឡើងនេះ»៕


