កងកម្លាំងអ៊ីរ៉ង់ បានចុះប្រតិបត្តិការមានគោលដៅលើក្រុមឃឺដ ក្នុងតំបន់ពាក់កណ្តាលស្វយ័តរបស់ពួកគេនៅប្រទេសជិតខាងអ៊ីរ៉ាក់ ស្របពេលដែលពួកគេចាប់ផ្តើមរលកទី ១៩នៃការវាយប្រហារមីស៊ីល និងយានដ្រូនលើទ្រព្យសកម្មយោធាអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា នៅថ្ងៃទី ៦នៃសង្រ្គាមក្នុងតំបន់ដែលបានធ្វើឲ្យតំបន់ជាច្រើនពាក់ព័ន្ធនឹងជម្លោះមួយនេះ ។

ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ រាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា យោធាមានគោលដៅលើកងកម្លាំងផ្តាច់ខ្លួនប្រឆាំងអ៊ីរ៉ង់ ដោយពួកគេពុំបានបញ្ជាក់ពីទីតាំងវាយប្រហារនោះទេ ។
ក្រសួងចារកម្មអ៊ីរ៉ង់ បញ្ជាក់ថា ពួកគេវាយប្រហារប៉ុស្តិ៍របស់ក្រុមផ្តាច់ខ្លួនដែលមានបំណងចូលឆ្លងកាត់ព្រំដែនភាគខាងលិច ហើយក្រុមមួយនេះ រងការខួចខាតយ៉ាងធ្ងន់ធ្ងរ ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចុះផ្សាយដោយសារព័ត៌មានរដ្ឋថា កងកម្លាំងអ៊ីរ៉ង់កំពុងសហប្រតិបត្តិការជាមួយក្រុមឃឺដថ្លៃថ្នូរ ដើម្បីរារាំងផែនការសហរដ្ឋអាមេរិក-អ៊ីស្រាអែល វាយប្រហារទឹកដីអ៊ីរ៉ង់ ។
ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការអ៊ីរ៉ង់ Tasnim រាយការណ៍ថា ការវាយប្រហារថ្មីលើតំបន់ពាក់កណ្តាលស្វយ័តរបស់ក្រុមឃឺតនេះ បានកើតមានឡើង រយៈពេល ជិត ១សប្តាហ៍នៃសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សយ៉ាងហោច ១.០៤៥នាក់ នៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនរហូតមក ៕
