អង្គការណាតូ (NATO) កាលពីថ្ងៃពុធ (ទី៤ ខែមីនា ឆ្នាំ២០២៦) បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសទួរគី និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រដ៏រឹងមាំរបស់ខ្លួន ចំពោះសមាជិកសម្ព័ន្ធមិត្តទាំងអស់។ នេះបើយោងតាមអ្នកនាំពាក្យម្នាក់ ដែលបានប្រាប់សារព័ត៌មាន Anadolu។

អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «យើងថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសទួរគី។ អង្គការណាតូឈរយ៉ាងរឹងមាំជាមួយសម្ព័ន្ធមិត្តទាំងអស់ ក្នុងនោះរួមទាំងប្រទេសទួរគីផងដែរ ខណៈដែលអ៊ីរ៉ង់បន្តការវាយប្រហារដោយមិនរើសអើង នៅទូទាំងតំបន់»។
លោកស្រីបានបន្ថែមថា៖ «ការត្តៀមខ្លួនទប់ស្កាត់ និងការពាររបស់យើងនៅតែរឹងមាំលើគ្រប់វិស័យ ក្នុងនោះរួមទាំងការការពារផ្លូវអាកាស និងមីស៊ីលផងដែរ»។
គួរបញ្ជាក់ថា ក្រសួងការបរទេសទួរគី បានឲ្យដឹងថា មុននេះ មីស៊ីលបាលីស្ទិកដែលបាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះទៅដែនអាកាសទួរគី ត្រូវបានស្ទាក់ចាប់ និងធ្វើឲ្យលែងដំណើរការដោយអង្គភាពការពារផ្លូវអាកាស និងមីស៊ីលរបស់អង្គការណាតូ នៅភាគខាងកើតមេឌីទែរ៉ាណេ ។
ក្រសួងបានឲ្យដឹងនៅលើវេទិកាបណ្ដាញសង្គមទួរគី NSosyal ថា មីស៊ីលដែលត្រូវបានប្រទះឃើញបន្ទាប់ពីហោះឆ្លងកាត់ប្រទេសអ៊ីរ៉ាក់ និងស៊ីរី ត្រូវបានបំផ្លាញដោយជោគជ័យដោយប្រព័ន្ធការពារផ្លូវអាកាស៕
