ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប(EU)លោកស្រី Kaja Kallas និយាយនៅក្នុងទីក្រុងព្រុចសែល នាថ្ងៃព្រហស្បតិ៍នេះថា បណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា និយាយប្រាប់ក្រុមមន្រ្តីអឺរ៉ុបថា ពួកគេមានការព្រួយបារម្ភពីហានិភ័យនៃសង្រ្គាមស៊ីវិលនៅអ៊ីរ៉ង់ ដែលជាលទ្ធផលនៃជម្លោះរវាងអ៊ីរ៉ង់ និងសហដ្ឋអាមេរិក-អ៊ីស្រាអែល ។
លោកស្រីនិយាយមុនកិច្ចប្រជុំតាមវីដេអូជាមួយរដ្ឋមន្រ្តីការបរទេស EU និងក្រុមតំណាងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រលើស្ថានភាពនៅអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ាថា ពេលដែលពួកយើងនិយាយទៅកាន់ប្រទេសក្នុងតំបន់ ពួកគេព្រួយបារម្ភផងដែរពីសង្រ្គាមស៊ីវិលក្នុងថ្នាក់ដឹកនាំរបបអ៊ីរ៉ង និងអ្វីដែលកំពុងកើតឡើងនៅទីនោះ ។
លោកស្រីនិយាយផងដែរថា EU ពិតជាព្រួយបារម្ភខ្លាំងណាស់ចំពោះសន្តិសុខសមុទ្រនៅក្នុងតំបន់ ហើយពួកគេនឹងព្យាយាមធ្វើឲ្យច្រកសមុទ្រ ដូចជាច្រកសមុទ្រ Hormuz បើកដំណើរការធម្មតា ។
លោកស្រី Kallas ថា សន្តិសុខសមុទ្រ ពួកយើងព្រួយបារម្ភជាងគេ នោះហើយគឺជាហេតុផលដែលកងទ័ពជើងទឹកអឺរ៉ុប ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ពីព្រោះថា សន្តិសុខនៅច្រកសមុទ្រ Hormuz និងផ្លូវពាណិជ្ជកម្មពិតជាសំខាន់ផងដែរសម្រាប់ EU ប៉ុន្តែសំខាន់ផងដែរសម្រាប់បណ្តាប្រទេសនៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ ។ ដូច្នេះហើយ បានជាពួកយើងព្យាយាមធ្វើឲ្យផ្លូវពាណិជ្ជកម្មទាំងនេះ បើកជាធម្មតា ៕