ក្រសួងការពារជាតិ នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ប្រទេសអេស្ប៉ាញនឹងបញ្ជូននាវាចម្បាំងទំនើបបំផុតរបស់ខ្លួន ដើម្បីការពារស៊ីប បន្ទាប់ពីមានការវាយប្រហារដោយយានដ្រូនលើមូលដ្ឋានរបស់អង់គ្លេស នៅកោះមេឌីទែរ៉ាណេមួយនេះ ដែលបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។
ការប្រកាសនេះកើតមានឡើង ក្នុងពេលដែលទីក្រុងម៉ាឌ្រីដប្រឈមនឹងសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ជុំវិញការបដិសេធមិនអនុញ្ញាតឲ្យទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់មូលដ្ឋានរបស់ខ្លួន អំឡុងពេលមានប្រតិបត្តិការ ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបង្កឲ្យមានការគំរាមកំហែងនៃការសងសឹកពាណិជ្ជកម្មពីប្រធានាធិបតីអាមេរិក លោក Donald Trump។
កាលពីថ្ងៃទី៤ ខែមីនា សេតវិមានបានលើកឡើងថា អេស្ប៉ាញបានយល់ព្រម «សហការជាមួយយោធាអាមេរិក» ប៉ុន្តែប្រទេសនេះបានបញ្ជាក់ជាថ្មីនូវគោលជំហរ ពាក់ព័ន្ធមូលដ្ឋានរបស់ខ្លួន និងការប្រឆាំងរបស់ខ្លួន ចំពោះសង្គ្រាមនេះ។
តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិបានបញ្ជាក់ថា នាវាចម្បាំង Cristobal Colon របស់ប្រទេសអេស្ប៉ាញ នឹងចូលរួមជាមួយនាវាផ្ទុកយន្តហោះ Charles de Gaulle របស់បារាំង និងនាវាកងទ័ពជើងទឹកក្រិក ដើម្បី «ផ្តល់ការការពារ និងការពារដែនអាកាស» និង «គាំទ្រដល់ការជម្លៀសជនស៊ីវិលណាមួយ»។
ក្រសួងបានបន្ថែមថា នាវាចម្បាំងនេះ នឹងធ្វើដំណើរទៅកាន់សមុទ្រមេឌីទែរ៉ាណេ ក្រោយបេសកកម្មជាមួយនាវា Charles de Gaulle នៅសមុទ្របាល់ទិក ហើយគ្រោងនឹងទៅដល់កោះ Crete របស់ក្រិក នៅប្រហែលជាថ្ងៃទី១០ ខែមីនា។
គួរបញ្ជាក់ថា ប្រទេសបារាំង ចក្រភពអង់គ្លេស អ៊ីតាលី និងក្រិក ក៏បានប្រកាសផងដែរពីការដាក់ពង្រាយនូវធនធានផ្លូវទឹក និងផ្លូវអាកាសទៅកាន់ប្រទេសស៊ីប ដែលជាសមាជិកសហភាពអឺរ៉ុប បន្ទាប់ពីផ្លូវរត់នៃមូលដ្ឋានទ័ពអាកាស Akrotiri ត្រូវបានវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់កាលពីថ្ងៃទី២ ខែមីនា៕