លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) នេះថា ប្លុកនេះកំពុងគិតគូរជួយប្រទេសឈូងសមុទ្រទប់ទល់នឹងការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់ ប៉ុន្តែបានព្រមានថា ការផ្គត់ផ្គង់ឧបករណ៍ពាក់ព័ន្ធ អាចមានកម្រិត។
អំឡុងពេលថ្លែងនៅមុនមានការជជែកតាមទូរស័ព្ទឃើញរូប (វីដេអូខល) រវាងរដ្ឋមន្ត្រីការបរទេស EU និងរដ្ឋឈូងសមុទ្រ លោកស្រី Kallas បានព្រមានថា ការផលិតប្រព័ន្ធស្ទាក់ចាប់យានដ្រូន នឹងពិបាកក្នុងការបំពេញតាមតម្រូវការដ៏ខ្ពស់ ទាំងនៅអ៊ុយក្រែន និងឥឡូវនេះនៅតំបន់មជ្ឈិមបូព៌ា។
លោកស្រី Kallas បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិកថា «មនុស្សគ្រប់គ្នាមានតម្រូវការការពារដែនអាកាស ដូច្នេះ ពិតជាមានបញ្ហាជាមួយការផលិតមិនខាន»។ លោកស្រីបានបន្ថែមថា៖ «អឺរ៉ុបត្រូវការបង្កើនល្បឿនផលិតកម្ម។ ដូច្នេះ ពិតណាស់ យើងកំពុងគិតគូររឿងនេះ ប៉ុន្តែខ្ញុំបារម្ភថា សមត្ថភាពមានកម្រិត»។
ជាមួយគ្នានេះ លោកស្រី Kallas បានឲ្យដឹងទៀតថា អ៊ុយក្រែនដែលបានធ្វើឲ្យជំនាញកាន់តែប្រសើរឡើងនៅក្នុងវិស័យនេះ ក្នុងរយៈពេលជាង ៤ឆ្នាំនៃសង្គ្រាមជាមួយរុស្ស៊ី អាចជួយដោយការចែករំលែកចំណេះដឹងរបស់ខ្លួន។
កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានផ្តល់ជូនសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា នូវការដោះដូរមីស៊ីលការពារដែនអាកាសមួយចំនួនរបស់ពួកគេ ជាថ្នូរនឹងប្រព័ន្ធស្ទាក់ចាប់យានដ្រូន៕