ប្រទេសអាស៊ែបៃហ្សង់ បានព្រមាននៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) នេះថា ខ្លួនកំពុងរៀបចំវិធានការឆ្លើយតបដែលមិនបានបញ្ជាក់ បន្ទាប់ពីយានដ្រូនរបស់អ៊ីរ៉ង់ ២គ្រឿង បានហោះឆ្លងកាត់ព្រំដែនរបស់ខ្លួន និងបានធ្វើឲ្យមនុស្ស ៤នាក់រងរបួស នៅក្នុងតំបន់ Nakhchivan ដែលធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើង អំពីការរីករាលដាលបន្ថែមទៀតនៃជម្លោះ នៅតំបន់មជ្ឈិមបូព៌ា។
ក្រសួងការពារជាតិអាស៊ែបៃហ្សង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការវាយប្រហារទាំងនេះនឹងមិនកើតឡើងដោយគ្មានការតបតនោះឡើយ»។ ក្រសួងបានបន្ថែមថា ខ្លួនកំពុងស៊ើបអង្កេតប្រភេទយានដ្រូនដែលប្រើក្នុងការវាយប្រហារ និង «កំពុងរៀបចំវិធានការឆ្លើយតបចាំបាច់ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេស និងដើម្បីធានាសុវត្ថិភាពរបស់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល»។
ជាមួយគ្នានេះ ទីក្រុងបាគូ ក៏បានឲ្យដឹងដែរថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអាស៊ែបៃហ្សង់ ត្រូវបានកោះអញ្ជើញឲ្យទៅកាន់ក្រសួងការបរទេស ដើម្បីទទួលលិខិតដាក់កំណត់ការទូតតវ៉ាជាផ្លូវការ។
ក្រសួងអាស៊ែបៃហ្សង់បានឲ្យដឹងថា យានដ្រូន ១គ្រឿង បានធ្លាក់លើអគារស្ថានីយនៃអាកាសយានដ្ឋានអន្តរជាតិ Nakhchivan ដែលមានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ឆ្លងផុតព្រំដែនពីអ៊ីរ៉ង់ ហើយយានដ្រូន ១គ្រឿងទៀត បានធ្លាក់នៅជិតអគារសាលារៀនមួយកន្លែងនៅក្នុងភូមិក្បែរនោះ។
ប្រភពមួយស្និទ្ធនឹងរដ្ឋាភិបាលអាស៊ែបៃហ្សង់ បានប្រាប់សារព័ត៌មាន Reuters ថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះឡើងដោយសារហេតុការណ៍នោះ៕