សារព័ត៌មានក្នុងស្រុក រាយការណ៍ថា កងកម្លាំងអ៊ីរ៉ាក់ បានបាញ់ទម្លាក់យានដ្រូន ១គ្រឿង ដែលព្យាយាមវាយប្រហារមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅជិតអាកាសយានដ្ឋានអន្តរជាតិក្រុងបាកដាដ ស្របពេលដែលអ៊ីរ៉ង់ បន្តវាយប្រហារទ្រព្យសកម្មសហរដ្ឋអាមេរិកនៅតាមបណ្តាប្រទេសអារ៉ាប់ ក្នុងនោះតំបន់បានធ្លាក់ក្នុងសង្រ្គាមកាន់តែជ្រៅ ក្រោយរយៈពេល ៦ថ្ងៃ ។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា យានដ្រូនព្យាយាមវាយប្រហារមូលដ្ឋានទ័ព Victoria កាលពីយប់ថ្ងៃពុធ ហើយត្រូវបានគេបាញ់ស្កាត់ មុនពេលទៅដល់គោលដៅ ។
រូបភាពវីដេអូឃ្លីបដែលបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះ ឃើញយានដ្រូនធ្លាក់នៅតំបន់ Al-Bu’aitha ស្ថិតក្នុងទីក្រុងបាកដាដ ដោយមានវត្តមានរបស់កងកម្លាំងសន្តិសុខ ។
ប្រភពសន្តិសុខអ៊ីរ៉ាក់ និយាយប្រាប់កាសែត Al Jazeera ថា នៅក្នុងឧបទ្ទេវហេតុមួយទៀតនាថ្ងៃព្រហស្បតិ៍នេះ ទូកមួយគ្រឿង បានវាយប្រហារនាវាដឹកប្រេងដោតទង់ជាតិបាហាម៉ាស នៅកំពង់ផែ Khor al-Zubair របស់អ៊ីរ៉ាក់ បណ្តាលឲ្យខូចខាត និងកំពប់ប្រេង ។
ការវាយប្រហារនេះ បានកើតមានឡើង ស្របពេលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា រីកកាន់តែធំ ដោយសារជម្លោះកំពុងបន្ត បង្កឡើងដោយសារការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ។
ក្រសួងការពារជាតិកាតា និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ស្កាត់ការវាយប្រហារមីស៊ីល ។ ក្រុមអាជ្ញាធរនៅក្នុងប្រទេសកាតា បានបញ្ជូនសារអាសន្នដល់អ្នកស្រុក ពេលដែលការផ្ទុះ ត្រូវបានឮនៅលើអាកាសពីលើទីក្រុងដូហា ។
ក្រសួងមហាផ្ទៃកាតា បានបញ្ជាឲ្យមានការជម្លៀសផងដែរ ពលរដ្ឋរស់នៅជិតស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងដូហា ជាវិធានការប្រុងប្រយ័ត្នទុកជាមុន ៕