នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) នេះ ទូកគ្រប់គ្រងបញ្ជាពីចម្ងាយរបស់អ៊ីរ៉ង់ដែលមានផ្ទុកគ្រឿងផ្ទុះ ត្រូវបានប្រើប្រាស់ ដើម្បីកំណត់គោលដៅ និងបំផ្លាញនាវាដឹកប្រេងឆៅ Sonangol Namibe មានទង់ជាតិរបស់ប្រទេសបាហាម៉ាស ដែលចតនៅក្នុងដែនទឹកអ៊ីរ៉ាក់។ នេះបើយោងតាមការវាយតម្លៃដំបូងពីប្រភពសន្តិសុខកំពង់ផែអ៊ីរ៉ាក់ចំនួន ២។
ប្រភពទាំង២ បាននិយាយថា ទូកតូចនេះបានផ្ទុះបន្ទាប់ពីបុកនាវាដឹកប្រេង ហើយវាគឺជាការវាយប្រហារលើកដំបូងដែលត្រូវបានកត់ត្រានៅក្នុងដែនទឹកនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់អ៊ីរ៉ាក់ និងជាការកើនឡើងនូវការគំរាមកំហែងដល់នាវាពាណិជ្ជកម្ម នៅក្នុងឈូងសមុទ្រ។
នាវាចំនួន ៩គ្រឿងហើយ ត្រូវបានវាយប្រហារចាប់តាំងពីជម្លោះបានផ្ទុះឡើង រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក។ អ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយក៏បានបង្ហោះយានដ្រូនចូលទៅក្នុងប្រទេសអាស៊ែបៃហ្សង់ ដោយបណ្តាលឲ្យមនុស្សយ៉ាងតិច ៤នាក់រងរបួស។
ជាមួយគ្នានេះ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានវាយប្រហារនាវាដឹកប្រេងរបស់សហរដ្ឋអាមេរិកមួយគ្រឿង នៅភាគខាងជើងនៃឈូងសមុទ្រ ហើយប្រាប់ថា នាវានោះបានឆេះ៕