អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍៥មីនាសប្ដាហ៍នេះថា មនុស្ស ១.២៣០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសនេះ ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍២៨កុម្ភៈសប្ដាហ៍មុន។

ចំនួនអ្នកស្លាប់ត្រូវបានប្រកាសដោយមូលនិធិកិច្ចការទុក្ករបុគ្គល និងអតីតយុទ្ធជនអ៊ីរ៉ង់ នៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួន។
សមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ (IRCS) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដែរថាទីតាំង និងកន្លែងស៊ីវិលចំនួន ១០៥ នៅក្នុងប្រទេសនេះ ត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់តាំងពីការផ្ទុះឡើងនៃជម្លោះ។
សមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ខាងលើ បាននិយាយថាការវាយប្រហារចំនួន១.៣៣២លើក ត្រូវបានកត់ត្រានៅទីតាំងចំនួន ៦៣៦ នៅទូទាំងប្រទេសអ៊ីរ៉ង់ចាប់តាំងពីថ្ងៃសៅរ៍មក ដោយមានការខូចខាតត្រូវបានរាយការណ៍នៅស្ថាប័នវេជ្ជសាស្ត្រ និងឱសថចំនួន ១៤ កន្លែង ។
យោងតាមមន្ត្រីអ៊ីរ៉ង់បានឲ្យដឹងថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើរដ្ឋធានីតេអេរ៉ង់ និងទីក្រុងតូចធំជាច្រើនទៀតកាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មេដឹកនាំកំពូលលោក Ali Khamenei ក៏ដូចជាសមាជិកគ្រួសាររបស់លោក មេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។
ទីភ្នាក់ងារសារព័ត៌មាន The Fars News Agency របស់អ៊ីរ៉ង់ បាននិយាយថា កូនស្រីបង្កើត កូនប្រសាប្រុស ចៅ និងកូនប្រសាស្រី របស់លោក Khamenei ក៏ត្រូវបានស្លាប់ក្នុងការវាយប្រហារនោះផងដែរ។ចំណែក ភរិយារបស់លោក Khamenei ឈ្មោះ Mansoureh Khojasteh Bagherzadeh បានស្លាប់ដោយសាររបស់ធ្ងន់កាលពីថ្ងៃទី២មីនា៕

