ក្រុមព្រះខ័នរាជស្វាយរៀង បានវាយបកឈ្នះក្រុមភ្នំពេញក្រោន រហូតលទ្ធផល ៤-១ ស្ទើរមិនគួរជឿ នៅក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ(ជើងទី១) នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ អាស៊ី AFC Challenge League (ACGL) 2025/26 កាលពីរាត្រីថ្ងៃទី៥ ខែមីនាកន្លងទៅ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។

ជាមួយការបរាជ័យក្នុងដី ដោយរបូតច្រើនគ្រាប់នេះ គ្រូបង្វឹកក្រុមភ្នំពេញក្រោនលោក Oleg Starynskyi បានបង្ហាញពីចំណុចខ្វះខាតមួយចំនួន សម្រាប់កូនក្រុម គឺកង្វះខាតការអនុវត្តជាក់ស្ដែងជុំគ្នា ស្របពេលលោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងថា ទោះបីទទួលបានជ័យជម្នះ ក្នុងលទ្ធផលគួរឲ្យមានមោទនភាព តែកូនក្រុមធ្វើមិនសូវបានល្អតាមរបៀបលេងនោះទេ។

សម្រាប់ជំនួបដ៏ជក់ចិត្ត ដែលមានអ្នកទស្សនាផ្ទាល់ជាង ២ម៉ឺននាក់នេះ បន្ទាប់ពីចាប់ផ្ដើមបាន ៣នាទី កីឡាករ Moses Dyer រកបានគ្រាប់នាំមុខ ១គ្រាប់ឲ្យភ្នំពេញក្រោន និងបានបន្ដដាក់សម្ពាធគ្នាទៅវិញទៅមក រហូតដល់នាទី២៩ ទើបកីឡាករ Peprah Kwame រកបានគ្រាប់តាមស្មើវិញ មុនខ្សែប្រយុទ្ធសញ្ជាតិហ្គាណាដដែល រកបាន ២គ្រាប់បន្ថែមទៀត នៅនាទី៦៧ និងនាទី៨២ រួមជាមួយការស៊ុតបាល់ពិន័យ ១១ម៉ែត្រពីមិត្ដរួមក្រុម Patrick Robson នៅនាទី៧៥ ដែលជួយឲ្យព្រះខ័នរាជស្វាយរៀង វាយបកឈ្នះភ្នំពេញក្រោន ៤-១។

ក្រោយចប់ការប្រកួតលោក Oleg Starynskyi បានអបអរសាទរព្រះខ័នរាជស្វាយរៀង ដែលទទួលបានជ័យជម្នះ បន្ទាប់ពីការប្រែពីឱកាសទៅជាគ្រាប់បាល់ជាបន្ដបន្ទាប់។ លោកទទួលស្គាល់ពីការប្រើប្រាស់កីឡាករបរទេសស្ទើរទាំងស្រុងក្នុងជម្រើស ១១នាក់ដំបូង ដោយសារការជឿជាក់លើសមត្ថភាពពួកគេ តែដោយសារការមិនសូវបានលេងជុំគ្នា ដូចជាការប្រកួតក្នុងលីគ បានធ្វើឲ្យពួកគេមានការថមថយ។ ជាមួយគ្នាលោកក៏បានសរសេរខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Kwame Peprah ដែលបានបង្ហាញគុណភាពលេងដ៏អស្ចារ្យ រហូតរកបាន ៣គ្រាប់ម្នាក់ឯងទៀតផង។

ចំណែកលោក McConkey Matthew ថា ការប្រកួតនេះ ពិតជាតានតឹង ។ ប៉ុន្ដែនិយាយពីរបៀបលេងក្នុងការប្រកួត លោកថា មិនសូវជាល្អណាស់ណាទេ តែសម្រាប់លទ្ធផល គឺពិតជាល្អណាស់ ។ បែបនេះក្ដីលោកថា ភ្នំពេញក្រោន សមនឹងរកបានគ្រាប់លើសពី ១គ្រាប់ បន្ទាប់ពីពួកគេបានបង្កើតឱកាសជាច្រើន តែធ្វើមិនបានសម្រេច។ ជាមួយគ្នាលោកបានក្រើនរំឮកដល់កូនក្រុម កុំរីករាយពេក ដ្បិតការប្រកួតសល់ ៩០នាទីទៀត ព្រោះរឿងអ្វីៗក៏អាចកើតបានដែរក្នុងបាល់ទាត់។

សូមបញ្ជាក់ថា ជំនួបជើង២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ រវាងក្រុមខ្លាំងកម្ពុជាទាំងពីរ នឹងធ្វើឡើងនាថ្ងៃទី១២ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីកាត់សេចក្ដីក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ អាស៊ី ឆ្នាំ២០២៥/២៦ នេះ៕ អត្ថបទ លី ឈុនឡា








