កាលពីថ្ងៃទី៤ដល់ថ្ងៃទី៥ ខែមីនា លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី ជាទីប្រឹក្សា និងអនុព័ន្ធយោធា បានចូលរួមសកម្មភាពចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែន ដែលរៀបចំដោយក្រសួងការពារជាតិកម្ពុជា ក្នុងឋានៈជាសមាជិកនៃក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) និងបានចុះពិនិត្យនៅទីតាំងមួយចំនួនរួមទាំងភូមិតាមបណ្តោយព្រំដែនស្ថិតក្នុងខេត្តបន្ទាយមានជ័យ និងប្រាសាទព្រះវិហារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦នេះ។
សេចក្តីប្រកាសរបស់ស្ថានទូត បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង តាមរយៈកិច្ចខិតខំប្រឹងប្រែងលើផ្នែកការទូតដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ហើយនឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗ»៕




