ភ្នំពេញ ៖ «អនាគតដែលយើងប្រាថ្នា» ជាប្រធានបទនៃទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម ដែលចេញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា ការរៀបចំទិវានេះឡើង គឺដើម្បីជំរុញឱ្យមានការប្តេជ្ញាចិត្តរួមគ្នាបន្ថែមទៀត សម្រា ប់និរន្តរភាពនៃភពផែនដី។
កម្មវិធី ទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧ ព្រឹក ដល់ ៩ យប់ នៅសួនច្បារសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រភពដដែលបានឱ្យដឹងទៀតថា កម្ពុជាបានចាប់ផ្តើមប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដីដំបូងនៅឆ្នាំ២០១០ ហើយទិវានេះបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានប្រជាប្រិយភាពក្នុងចំណោមមហាជនទូទាំងប្រទេស ជាពិសេសយុវជនរហូតដល់បច្ចុប្បន្ន។ ឆ្នាំនេះ ព្រឹត្តិការណ៍មួយម៉ោងសម្រាប់ភពផែនដីត្រូវបានសហការរៀបចំដោយក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តមណ្ឌលគិរី WWF-Cambodia សហភាពអឺរ៉ុប វិស័យឯកជន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរពាណិជ្ជកម្មខេត្តមណ្ឌល គិរី ព្រមទាំងមានការចូលរួមពីដៃគូផ្សព្វផ្សាយ និងក្រុមយុវជនជាច្រើនទៀតផងដែរ៕ ដោយ៖ គង់ ឌិន
