ប្រធានទីភ្នាក់ងារ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា សង្គ្រាមនៅមជ្ឈិមបូព៌ា បានបង្ខំឲ្យអង្គការសុខភាពពិភពលោក (WHO) ផ្អាកប្រតិបត្តិការនៅមជ្ឈមណ្ឌលដឹកជញ្ជូនជំនួយបន្ទាន់សកលនៅទីក្រុងឌូបៃ។

លោក Tedros Adhanom Ghebreyesus បានសម្តែងការព្រួយបារម្ភចំពោះជម្លោះដែលបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ ហើយបានព្រមានថា «ផលប៉ះពាល់នេះ លើសពីប្រទេសនានាដែលបានរងផលប៉ះពាល់ភ្លាមៗ»។

លោកបាននិយាយក្នុងសន្និសីទសារព័ត៌មានថា «ប្រតិបត្តិការនៅមជ្ឈមណ្ឌលដឹកជញ្ជូនរបស់អង្គការសុខភាពពិភពលោក(WHO)សម្រាប់គ្រាអាសន្នសុខភាពសកលនៅទីក្រុងឌូបៃបច្ចុប្បន្នត្រូវបានផ្អាកដោយសារតែអសន្តិសុខ»។ លោកស្រី Hanan Balkhy នាយកប្រចាំតំបន់មេឌីទែរ៉ាណេខាងកើតរបស់អង្គការសុខភាពពិភបលោក(WHO) បានប្រាប់អ្នកសារព័ត៌មានថា កាលពីឆ្នាំមុនមជ្ឈមណ្ឌលដឹកជញ្ជូនទីក្រុងឌូបៃ បានដំណើរការការបញ្ជាទិញជំនួយបន្ទាន់សម្រាប់ប្រទេសចំនួន៧៥ប្រទេសនៅជុំវិញពិភពលោក ។ លោកស្រីបានព្រមានថា «ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សុខភាពមនុស្សធម៌បច្ចុប្បន្ននេះកំពុងស្ថិតក្នុងគ្រោះថ្នាក់»។
លោកស្រី Balkhy បានពន្យល់ថា «ប្រតិបត្តិការរបស់មជ្ឈមណ្ឌលនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារតែអសន្តិសុខ ការបិទដែនអាកាស និងការរឹតត្បិតដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការទៅកាន់ច្រកសមុទ្រ Hormuz»។ លោកស្រីនិយាយថា ការរំខាននេះកំពុង «រារាំងដល់ដំណើរការផ្គត់ផ្គង់សុខភាពមនុស្សធម៌ចំនួន១៨លានដុល្លារ ខណៈការដឹកជញ្ជូនចំនួនមានតម្លៃ៨លានដុល្លារទៀតមិនអាចទៅដល់មជ្ឈមណ្ឌលបាន»។
វាបានប៉ះពាល់ដល់សំណើផ្គត់ផ្គង់បន្ទាន់ជាង៥០សំណើ មកពី២៥ប្រទេស ព្រមមានទាំងថ្នាំពេទ្យមានតម្លៃប្រមាណ៦លានដុល្លារដែលមានគោលដៅទៅកាន់តំបន់ហ្កាហ្សា។