សភាសហរដ្ឋអាមេរិក បានច្រានចោលក្នុងសំឡេងស្តួចស្តើងចំពោះសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាមដែលនឹងបញ្ឈប់សង្គ្រាមរបស់លោកប្រធានាធិបតី Donald Trump លើប្រទេសអ៊ីរ៉ង់ និងតម្រូវឱ្យមានការអនុញ្ញាតពីសភាសម្រាប់ការវាយប្រហារណាមួយបន្ថែមទៀត។ ការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍មានសំឡេង២១៩ ទល់នឹង២១២សំឡេងនៅក្នុងសភា ជាកន្លែងដែលសមាជិកគណបក្សសាធារណរដ្ឋរបស់លោក Trump គ្រប់គ្រងអាសនៈភាគច្រើនស្តួចស្តើង។

នៅក្រោមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក មានតែសភាប៉ុណ្ណោះដែលអាចប្រកាសសង្គ្រាមបាន។ ប្រធានាធិបតី អាចមានចំណាត់ការយោធាមួយចំនួនដោយឯកតោភាគី ប៉ុន្តែអ្នកជំនាញច្បាប់បានជជែកវែកញែកជាយូរមកហើយថា ក្រោមឯកសារស្ថាបនិករបស់សហរដ្ឋអាមេរិក អំណាចនោះអនុវត្តតែក្នុងករណីការពារខ្លួនបន្ទាន់របស់ប្រទេសតែប៉ុណ្ណោះ។

លោក Gregory Meeks សមាជិកសភាគណបក្សប្រជាធិបតេយ្យនៅក្នុងគណៈកម្មាធិការកិច្ចការបរទេសរបស់សភាបាននិយាយថា «លោក Donald Trump ពុំមែនជាស្តេចទេ ហើយប្រសិនបើលោកជឿថាសង្គ្រាមជាមួយអ៊ីរ៉ង់ ស្ថិតនៅក្នុងផលប្រយោជន៍ជាតិរបស់យើង នោះលោកត្រូវតែមកកាន់សភា ហើយបកស្រាយរឿងនេះ។ សភា ក៏បានអនុម័តវិធានការដាច់ដោយឡែកមួយដែលបញ្ជាក់ថា អ៊ីរ៉ង់គឺជារដ្ឋឧបត្ថម្ភភេរវកម្មធំបំផុត។
លោក Brian Mast សភាតំណាងមកពីរដ្ឋ Florida និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភា បានអរគុណជាសាធារណៈចំពោះលោក Trump ដែលបានចាត់វិធានការប្រឆាំងអ៊ីរ៉ង់ ដោយនិយាយថា លោកប្រធានាធិបតីកំពុងប្រើប្រាស់អំណាចរដ្ឋធម្មនុញ្ញផ្ទាល់ខ្លួនរបស់លោក ដើម្បីការពារសហរដ្ឋអាមេរិកប្រឆាំងនឹង «ការគំរាមកំហែងជិតមកដល់» ដែលប្រទេសនោះបានបង្កឡើង។