ក្រោយជួបគ្នាជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ក្លិបលំដាប់ទី៣ អាស៊ី AFC Challenge League 2025/26 កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងត្រូវបន្ដយុទ្ធនាការប្រកួតលីគកំពូលកម្ពុជារៀងៗខ្លួន នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ មុនឈានដល់ជំនួបកាត់សេចក្ដី ជើងទី២ នៅ ៤ថ្ងៃបន្ទាប់។
សម្រាប់ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ នាកីឡដ្ឋានកំពង់ស្ពឺ ស្របពេលក្រុមភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុម អឹមអូអាយ កំពង់ដេវ៉ា។ ចំពោះប្រវត្តិជួបគ្នា កាលពីដំណាក់កាលទី១ ព្រះខ័នរាជស្វាយរៀង បានឈ្នះទាំង ២ជើង ដោយលទ្ធផល ៣-០ នៅជើងទី១ និង ២-១ នៅជើងទី២ ។ រីឯភ្នំពេញក្រោន រកបាន ៤ពិន្ទុប៉ុណ្ណោះពី អឹមអូអាយ កំពង់ដេវ៉ា ក្រោយឈ្នះក្រៅដី ១-០ នៅជើងទី១ មុនស្មើគ្នា ១-១ លើទឹកដីខ្លួន នៅជើងទី២។
នេះក៏ជាការប្រកួតដ៏សំខាន់រវាងបេក្ខភាពពានលំដាប់ទី៣ អាស៊ីទាំងពីរ ពិសេសភ្នំពេញក្រោន ដែលកំពុងចាញ់ប្រៀបព្រះខ័នរាជស្វាយរៀង ៧ពិន្ទុ។ ពួកគេត្រូវការជ័យជម្នះដាច់ខាត ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងពាន ស្របពេលព្រះខ័នរាជស្វាយរៀង ក៏ត្រូវ ៣ពិន្ទុបន្ថែមដូចគ្នា ដើម្បីក្ដោបឱកាសខ្ពស់ក្នុងការលើកពានជាថ្មី។
ក្រៅពីជំនួបដ៏ជក់ចិត្តទាំង ២ប្រកួត ក៏មានការប្រកួតរវាងបេក្ខភាព Top-6 មួយប្រកួតទៀត នាថ្ងៃអាទិត្យផងដែរ រវាងក្រុមបឹងកេត និងអង្គរថាយហ្គឺរ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។
ចំណែកនៅថ្ងៃសៅរ៍ ទី៧ ខែមីនាស្អែកនេះ នឹងមានការប្រកួត ២គូ រវាងបេក្ខភាព ៥ក្រុមខាងក្រោម(Bottom-5) ក្នុងនោះក្រុមបាតតារាងឡាយហ្វខេត្តព្រះសីហនុ ត្រូវជួបក្រុមភ្ញៀវវិសាខា និងក្រុម ISI ដង្កោសែនជ័យ ត្រូវជួបក្រុមគិរីវង់សុខសែនជ័យ។
ចំពោះតារាងពិន្ទុបណ្ដោះអាសន្ន គិតត្រឹមសប្ដាហ៍ទី២៣ ក្នុងចំណោមបេក្ខភាព Top-6 ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងមាន ៥៤ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន មាន ៤៧ពិន្ទុ, ណាហ្គាវើលដ៏ មាន ៣៧ពិន្ទុ, ណាហ្គាវើលដ៏ និងបឹងកេត មាន ៣៥ពិន្ទុស្មើក្នា និង អឹមអូអាយ កំពង់ដេវ៉ា មាន ៣០ពិន្ទុ។
រីឯក្នុងចំណោម ៥ក្រុមខាងក្រោមវិញ ក្រុមវិសាខា ឈរលេខ៧ មាន ២៩ពិន្ទុ, គិរីវង់សុខសែនជ័យ និងកងយោធពលខេមរភូមិន្ទ មាន ១៧ពិន្ទុស្មើគ្នា គ្រាដែល ISI ដង្កោសែនជ័យ មាន ១២ពិន្ទុ លើក្រុមបាតតារាងឡាយហ្វខេត្តព្រះសីហនុ មាន ១០ពិន្ទុ៕ អត្ថបទ លី ឈុនឡា
