ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ថា ប្រទេសបារាំង នឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយកងកម្លាំងប្រដាប់អាវុធលីបង់ និងផ្តល់យានយន្តពាសដែកដឹកជញ្ជូន ព្រមទាំងការគាំទ្រប្រតិបត្តិការនិងដឹកជញ្ជូន ខណៈប្រទេសលីបង់ ត្រូវបានគេទាញចូលទៅក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែជ្រៅកាលពីដើមសប្តាហ៍នេះ។

លោក Macron បាននិយាយនៅក្នុងសារនៅលើបណ្តាញ X ថា «អ្វីៗគ្រប់យ៉ាង ត្រូវតែធ្វើដើម្បីការពារប្រទេស ដែលស្និតជាមួយប្រទេសបារាំងពីការដែលត្រូវបានទាញឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាម»។ មេដឹកនាំបារាំងរូបនេះបាននិយាយបន្ថែមថា «នៅពេលមានគ្រោះថ្នាក់ធំ ខ្ញុំសូមអំពាវនាវដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កុំឱ្យពង្រីកសង្គ្រាមទៅកាន់ប្រទេសលីបង់។ ខ្ញុំសូមអំពាវនាវដល់មេដឹកនាំអ៊ីរ៉ង់ កុំឱ្យទាញប្រទេសលីបង់ចូលទៅក្នុងសង្គ្រាមបន្ថែមទៀត ដែលពុំមែនជារឿងរបស់ខ្លួន»។

ខុទ្ធការល័យប្រធានាធិបតីលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា បន្ទាប់ពីបានជួបជាមួយនាយសេនាធិការយោធាបារាំងនៅទីក្រុង Beirut ប្រធានាធិបតីលីបង់ លោក Joseph Aoun បានស្នើសុំឱ្យលោក Macron ធ្វើអន្តរាគមន៍ដើម្បីទប់ស្កាត់ការកំណត់គោលដៅនៅតំបន់ជាយក្រុងភាគខាងត្បូង បន្ទាប់ពីការគំរាមកំហែងដោយកងទ័ពអ៊ីស្រាអែលទៅលើប្រជាជនរបស់ខ្លួន។

បារាំងបាននិយាយថា ខ្លួនមានគោលបំណងទប់ស្កាត់ការកើនឡើងភាពតានតឹងនៅទូទាំងតំបន់ ហើយមានចំណាត់ការដើម្បីការពារទីតាំងរបស់ខ្លួន ក្នុងពេលមានជម្លោះកាន់តែរាលដាល ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។ លោក Macron បាននិយាយថា «ក្រុមហេសបូឡា ត្រូវតែបញ្ឈប់ការបាញ់ប្រហាររបស់ខ្លួនទៅលើអ៊ីស្រាអែលជាបន្ទាន់ ហើយអ៊ីស្រាអែល ត្រូវតែចៀសវាងការជ្រៀតជ្រែកដែនដី ឬប្រតិបត្តិការទ្រង់ទ្រាយធំណាមួយនៅលើទឹកដីលីបង់»។