រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា បានបន្ធូរបន្ថយជាបណ្ដោះអាសន្នទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ដើម្បីអនុញ្ញាតឱ្យប្រេងរុស្ស៊ីដែលជាប់គាំងនៅសមុទ្រ អាចលក់បានទៅឱ្យប្រទេសឥណ្ឌា។

ក្រសួងរតនាគារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់ក្រសួងរតនាគារ បានចេញអាជ្ញាប័ណ្ណទាក់ទងនឹងរុស្ស៊ី «អនុញ្ញាតឱ្យដឹកជញ្ជូន និងលក់ប្រេងឆៅ និងផលិតផលប្រេងឥន្ធនៈដែលមានប្រភពដើមពីសហព័ន្ធរុស្ស៊ី ផ្ទុកនៅលើនាវា គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ទៅកាន់ប្រទេសឥណ្ឌា»។

ក្រសួងបាននិយាយថា ប្រតិបត្តិការទាំងនោះ រួមទាំងប្រតិបត្តិការទាំងឡាយពីនាវាដែលត្រូវបានរារាំងដោយរបបទណ្ឌកម្មផ្សេងៗ ត្រូវបានអនុញ្ញាតរហូតដល់ពេលបញ្ចប់ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារបាននិយាយថា ការលើកលែងនេះត្រូវបានចេញ ដើម្បីឱ្យប្រេងអាចបន្តហូរចូលទៅក្នុងទីផ្សារពិភពលោក។
លោកបានបង្ហោះនៅលើបណ្តាញ X ថា «វិធានការរយៈពេលខ្លីដោយចេតនានេះ នឹងមិនផ្តល់ប្រយោជន៍ហិរញ្ញវត្ថុសំខាន់ៗដល់រដ្ឋាភិបាលរុស្ស៊ីទេ ខណៈខ្លួនបានអនុញ្ញាតឱ្យមានប្រតិបត្តិការដែលពាក់ព័ន្ធនឹងប្រេងជាប់គាំងនៅសមុទ្ររួចហើយ»។ លោកបាននិយាយបន្ថែមថា ការលក់ប្រេងទៅឱ្យប្រទេសឥណ្ឌានឹង «បន្ធូរបន្ថយសម្ពាធដែលបណ្តាលមកពីការប៉ុនប៉ងរបស់អ៊ីរ៉ង់ក្នុងការចាប់យកថាមពលសកលធ្វើជាចំណាប់ខ្មាំង» ទោះបីជាប្រទេសឥណ្ឌាបាននិយាយថា ខ្លួននឹងឈប់ទិញប្រេងរបស់រុស្ស៊ីជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក៏ដោយ។