លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានបណ្តេញរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោកស្រី Kristi Noem ចេញពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ (៥ មីនា) បន្ទាប់ពីមានភាពចម្រូងចម្រាសជាច្រើនខែ រួមទាំងករណីដែលមន្ត្រីសហព័ន្ធបាញ់សម្លាប់ពលរដ្ឋអាមេរិកពីរនាក់នៅទីក្រុង Minneapolis និងការរិះគន់ពីសំណាក់សមាជិកសភា ជុំវិញកិច្ចសន្យាផ្សព្វផ្សាយពាណិជ្ជកម្មតម្លៃ ២២០ លានដុល្លាររបស់ក្រសួងមួយនេះ។

លោក Trump នឹងជ្រើសរើសសមាជិកព្រឹទ្ធសភារដ្ឋ Oklahoma លោក Markwayne Mullin ឱ្យមកជំនួសតំណែងលោកស្រី នៅចុងខែមីនានេះ ដូចដែលលោកបានបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែការតែងតាំងនេះក៏នឹងត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភាសហរដ្ឋអាមេរិកផងដែរ។

លោកស្រី Noem ដែលជាអតីតអភិបាលរដ្ឋ South Dakota បានក្លាយជារដ្ឋមន្ត្រីមួយរូបដ៏លេចធ្លោបំផុតក្នុងគណៈរដ្ឋមន្ត្រីរបស់លោក Trump តាមរយៈការបង្ហោះលើបណ្តាញសង្គមនានាដែលបានពណ៌នាអំពីជនអន្តោប្រវេសន៍ក្នុងន័យអវិជ្ជមានខ្លាំង ការលើកឡើងពីបទល្មើសព្រហ្មទណ្ឌផ្សេងៗ និងការប្រើប្រាស់ភាសាបែបបង្កាច់បង្ខូច។

ការចាកចេញរបស់លោកស្រី បន្ទាប់ពីបានក្លាយជាតួអង្គសំខាន់នៃការបង្ក្រាបអន្តោប្រវេសន៍យ៉ាងខ្លាំងក្លា ដែលការស្ទង់មតិថ្មីៗបង្ហាញថាមិនសូវទទួលបានការគាំទ្រនោះ អាចអនុញ្ញាតឱ្យលោក Trump កំណត់ឡើងវិញនូវវិធីសាស្ត្រលើគោលនយោបាយអន្តោប្រវេសន៍ ដែលជាចំណុចស្នូលនៃរបៀបវារៈរបស់លោក។ បន្តិចក្រោយពីលោក Trump បានប្រកាសអ្នកមកជំនួសតំណែង លោកស្រី Noem បានបង្ហោះលើបណ្តាញ X ថា៖ «ក្រុមការងាររបស់លោកស្រីសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រនៅក្រសួងសន្តិសុខមាតុភូមិ ដើម្បីធ្វើឱ្យអាមេរិកមានសុវត្ថិភាពឡើងវិញ»៕