មេធាវីរបស់លោក Jimmy Lai ដែលជាមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយហុងកុងដ៏ចម្រូងចម្រាស បានលើកឡើងនៅថ្ងៃសុក្រ (៦ មីនា) នេះថា លោក Lai នឹងមិនប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមមានទោស និងការជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំរបស់លោកនោះទេ ដែលទាក់ទងនឹងបទចោទសមគំនិតជាមួយកម្លាំងបរទេស និងការញុះញង់។

លោក Lai វ័យ ៧៨ ឆ្នាំ ត្រូវបានផ្តន្ទាទោសកាលពីខែធ្នូ ឆ្នាំ២០២៥ និងត្រូវបានកាត់ទោសជាផ្លូវការកាលពីខែកុម្ភៈកន្លងទៅ លើបទចោទប្រកាន់សរុបចំនួន ៣ករណី ដែលក្នុងនោះមាន ២ករណីលើបទសមគំនិតជាមួយកម្លាំងបរទេស និងបទចោទប្រកាន់ ១ករណីទៀតគឺបទបោះពុម្ពផ្សាយឯកសារញុះញង់ ដែលជាការបិទបញ្ចប់រឿងក្តីផ្លូវច្បាប់ដ៏អូសបន្លាយអស់រយៈពេលជិត ៥ឆ្នាំមកហើយ។

តុលាការក្រុងហុងកុង បានច្រានចោលនូវការផ្តន្ទាទោសពីបទឆបោក និងការដាក់ពន្ធនាគាររបស់លោក ក្នុងសំណុំរឿងដាច់ដោយឡែកមួយផ្សេងទៀតកាលពីខែមុន នៅក្នុងសេចក្ដីសម្រេចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបានកើតឡើងបន្ទាប់ពីលោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ។
កូនៗរបស់លោក Lai បានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ទីក្រុងប៉េកាំង អាចជួយធានាការដោះលែងឪពុករបស់ពួកគេ ដែលក៏មានសញ្ជាតិអង់គ្លេសផងដែរ។ សេតវិមានបញ្ជាក់ថា លោក Trump នឹងធ្វើដំណើរទៅប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ខាងមុខនេះ ដើម្បីជួបជាមួយមេដឹកនាំចិន លោក Xi Jinping៕