ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ (៥ មីនា) ថា អ៊ីរ៉ង់ កំពុងទាក់ទងទៅសហរដ្ឋអាមេរិក ដើម្បីសុំធ្វើកិច្ចព្រមព្រៀងមួយ ស្របពេលការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល កាន់តែខ្លាំងក្លាឡើង និងបានបន្ថែមថា សកម្មភាពបន្ថែមទៀតគឺជិតមកដល់ហើយ ដើម្បីកាត់បន្ថយសម្ពាធលើលំហូរប្រេងសកល។

ជាមួយគ្នានេះ យោធាអាមេរិកបានរាយការណ៍ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ដដែលនោះ ខ្លួនបានពន្លិចនាវាអ៊ីរ៉ង់ជាង ៣០ គ្រឿង រួមទាំងនាវាដ្រូនអ៊ីរ៉ង់ ១គ្រឿងផងដែរ។ ឧត្តមនាវីឯក Brad Cooper ដែលដឹកនាំកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា ក្នុងនាមជាប្រធានបញ្ជាការកណ្តាល បានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារដោយមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ បានថយចុះ ៩០% ចាប់តាំងពីថ្ងៃដំបូងនៃសង្គ្រាម។

ថ្លែងក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន លោក Trump បាននិយាយថា៖ អ៊ីរ៉ង់កំពុងទាក់ទងមក ហើយសួរថា «តើពួកគេអាចធ្វើកិច្ចព្រមព្រៀងបានដោយរបៀបណា?» ប៉ុន្តែលោកប្រាប់ទៅវិញថា «មកយឺតពេលបន្តិចហើយ»។ លោក Trump ក៏បានលើកសរសើរសកម្មភាពយោធារបស់អាមេរិកនៅអ៊ីរ៉ង់ ដោយនិយាយថា យោធាកំពុងកម្ទេចសមត្ថភាពមីស៊ីល និងយានដ្រូនរបស់ទីក្រុងតេអេរ៉ង់ ខណៈលោកក៏បានអំពាវនាវដល់អ្នកការទូតអ៊ីរ៉ង់ ឱ្យស្នើសុំសិទ្ធិជ្រកកោន និងជួយធ្វើឱ្យអ៊ីរ៉ង់កាន់តែប្រសើរឡើង។

លោក Trump បាននិយាយថា ប្រេង «មានស្ថិរភាពគួរសម» ប៉ុន្តែសកម្មភាពបន្ថែមទៀតជិតកើតមានហើយ ដើម្បីកាត់បន្ថយសម្ពាធថាមពល។ នៅមុននោះ មន្ត្រីជាន់ខ្ពស់សេតវិមានមួយរូបបាននិយាយថា ក្រសួងរតនាគារអាមេរិក នឹងប្រកាសវិធានការនានាក្នុងបំណងទប់ស្កាត់កំណើនតម្លៃថាមពល រួមទាំងសកម្មភាពដែលអាចកើតមាន ពាក់ព័ន្ធនឹងភាគហ៊ុនទីផ្សារប្រេងផងដែរ៕