អគ្គមេបញ្ជាការកងទ័ពអ៊ីស្រាអែល (IDF) លោកឧត្តមសេនីយ៍ឯក Eyal Zamir បានថ្លែងក្នុងសុន្ទរកថាដែលបានថតទុក ផ្ញើជូនសាធារណជនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ (៥ មីនា) ថា បន្ទាប់ពីទទួលបានឧត្តមភាពលើដែនអាកាសអ៊ីរ៉ង់ ពេលនេះ កងកម្លាំង IDF នឹងឈានទៅដល់ដំណាក់កាលបន្ទាប់នៃសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

លោក Zamir បានរៀបរាប់ថា ក្នុងរយៈពេល ២៤ ម៉ោងដំបូងនៃប្រតិបត្តិការដែលអ៊ីស្រាអែលឱ្យឈ្មោះថា «តោគ្រហឹម» (Operation Roaring Lion) កងទ័ពអាកាសអ៊ីស្រាអែលបាន «បើកផ្លូវឆ្ពោះទៅកាន់ទីក្រុងតេអេរ៉ង់» រួចជាស្រេចហើយ ដោយលោកបានបញ្ជាក់ថា៖ «ឥឡូវនេះ យោធាកំពុងឈានចូលដល់ដំណាក់កាលបន្ទាប់នៃយុទ្ធនាការ ដែលក្នុងនោះ IDF នឹងបង្កើនការវាយប្រហារលើមូលដ្ឋានគ្រឹះ និងសមត្ថភាពយោធារបស់របបនេះ»។

លោកបានបន្តទៀតថា ប្រព័ន្ធការពារអាកាសរបស់អ៊ីរ៉ង់ប្រហែល ៨០% និងជើទម្របាញ់មីស៊ីលបាលីស្ទីកជាង ៦០% ត្រូវបានកម្ទេចចោល ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការមក ហើយលោកបានបន្ថែមថា «យោធាកំពុងបកស្រទាប់សមត្ថភាពយោធារបស់របបនេះ ធ្វើឱ្យអ៊ីរ៉ង់ ឯកោខាងយុទ្ធសាស្ត្រ និងរុញច្រានអ៊ីរ៉ង់ឱ្យធ្លាក់ក្នុងចំណុចខ្សោយបំផុតដែលមិនធ្លាប់ជួបប្រទះពីមុនមក»។

ជាមួយគ្នានេះ លោក Zamir ក៏បានលើកឡើងអំពីប្រតិបត្តិការរបស់ IDF ប្រឆាំងនឹងក្រុម ហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ផងដែរ ដោយបាននិយាយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់គោលដៅដ៏សំខាន់ គឺលោក Zaid Ali Jumaa ដែលជាប្រធានកងពលកាំភ្លើងធំរបស់ក្រុមហេសបូឡា ដែលជាអ្នកទទួលខុសត្រូវលើការស្លាប់ ទាំងជនស៊ីវិល និងទាហានរបស់អ៊ីស្រាអែល៕