វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រសហ្បតិ៍ ៥មីនា សប្ដាហ៍នេះថា ប្រទេសអ៊ីរ៉ង់ ពុំបានស្នើសុំការគាំទ្រជំនួយយោធាពីប្រទេសរុស្ស៊ី ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្ដើមបើកការវាយប្រហារទូទាំងប្រទេស ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តរាលដាល។

លោក Dmitry Peskov អ្នកនាំពាក្យជាន់ខ្ពស់របស់រុស្ស៊ី បានប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងសន្និសីទកាសែតប្រចាំថ្ងៃថា ពុំមានការស្នើសុំណាមួយពីអ៊ីរ៉ង់ទេ ក្នុងករណីនេះ។

ទីក្រុង មូស្គូគឺជាដៃគួជិតស្និទ្ធិបំផុតមួយក្នុងចំណោមដៃគូរជាច្រើនរបស់ទីក្រុងតេអេរ៉ង់ ។ ប្រេសិតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិនៅសប្ដាហ៍នេះ បានថ្កោលទោសការវាយប្រហារលើអ៊ីរ៉ង់ ថាជាសកម្មភាពឈ្លានពានប្រដាប់អាវុធដោយចេតនា ផែនការច្បាស់លាស់ និងគ្មានហេតុផល។

ក្នុងឆ្នាំ២០២៥ រុស្ស៊ី និងអ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដែលរួមទាំងការជួយប្រយុទ្ធប្រឆាំងការគំរាមកំហែងរួមគ្នា ។យ៉ាងណាក៏ដោយ សន្ធិសញ្ញានេះ មិនរាប់បញ្ចូលកាតព្វកិច្ចការពារជាតិទៅវិញទៅមកទេ មិនដូចជាកិច្ចព្រមព្រៀងសន្តិសុខដែលរុស្ស៊ី បានចុះហត្ថលេខាជាមួយកូរ៉េខាងជើងទេ។
ប្រធានាធិបតី Vladimir Putin បានសម្ដែងមរណទុក្ខចំពោះការស្លាប់របស់មេដឹកនាំកំពូល លោក Ali Khamenei តែពុំបានធ្វើអត្ថាធិប្បាយជាសាធារណៈលើសកម្មភាពយោធារបស់អាមេរិក និងអ៊ីស្រាអែលដែលនៅតែបន្តលើអ៊ីរ៉ង់ ទេ ៕