ការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល បានបន្តវាយស្រោចលើរដ្ឋធានីអ៊ីរ៉ង់ និងលីបង់ នៅព្រឹកព្រលឹមថ្ងៃសុក្រ (៦ មីនា) នេះដែលជាថ្ងៃទី៧នៃសង្រ្គាម ខណៈសហរដ្ឋអាមេរិក ក៏បានបន្តវាយប្រហារលើនាវាដឹកដ្រូនរបស់អ៊ីរ៉ង់នៅកណ្ដាលសមុទ្រ ក្នុងយុទ្ធនាការដែលមិនថមថយនោះឡើយ ប្រឆាំងនឹងកងនាវាចម្បាំងរបស់សាធារណរដ្ឋអ៊ិស្លាមមួយនេះ។

ចំណែកអ៊ីរ៉ង់វិញក៏បានបើកការវាយប្រហារសងសឹកថ្មីៗក្នុងតំបន់មជ្ឈិមបូព៌ា ខណៈជម្លោះមានអាយុកាលពេញមួយសប្តាហ៍ ក្រោមការទម្លាក់គ្រាប់បែកយ៉ាងគំហុក ដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានព្រមានថា «ហៀបនឹងកើនឡើងយ៉ាងខ្លាំងក្លាបំផុត»។ កងទ័ពសហរដ្ឋអាមេរិក បាននិយាយនៅព្រឹកព្រលឹមថ្ងៃសុក្រដដែលនេះថា ខ្លួនបានវាយប្រហារលើនាវាដឹកដ្រូនរបស់អ៊ីរ៉ង់ ១គ្រឿង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។

កងទ័ពអ៊ីស្រាអែល បាននិយាយនៅព្រឹកថ្ងៃសុក្រនេះថា ខ្លួនបានចាប់ផ្តើម «រលកនៃការវាយប្រហារទ្រង់ទ្រាយធំ» លើទីក្រុងតេអេរ៉ង់។ សាក្សីបានរៀបរាប់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មានសភាពខ្លាំងក្លាជាពិសេស ដែលបានធ្វើឱ្យផ្ទះសម្បែងនៅក្នុងតំបន់នោះញ័ររញ្ជួយយ៉ាងខ្លាំង។ អ្នកផ្សេងទៀតបានរាយការណ៍ពីការផ្ទុះនៅជុំវិញទីក្រុង Kermanshah របស់អ៊ីរ៉ង់ ដែលជាតំបន់ប្រមូលផ្តុំទៅដោយមូលដ្ឋានមីស៊ីលជាច្រើន។
កងទ័ពអ៊ីស្រាអែល បញ្ជាក់ថា ការវាយប្រហារកន្លងមក បានកម្ទេចប្រព័ន្ធការពារអាកាស និងជើងទម្របាញ់មីស៊ីលភាគច្រើនរបស់អ៊ីរ៉ង់ រួចទៅហើយ។ សង្គ្រាមនេះបានរីករាលដាលប៉ះពាល់ដល់បណ្តាប្រទេសនានានៅទូទាំងមជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត។ នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ អ៊ីរ៉ង់បានបាញ់មីស៊ីល និងដ្រូនវាយប្រហារចូលទៅក្នុងប្រទេសកូវ៉ែត កាតា អារ៉ាប៊ីសាអ៊ូឌីត និងបារ៉ែន ដែលសុទ្ធសឹងតែជាប្រទេសមានមូលដ្ឋានទ័ពសហរដ្ឋអាមេរិក៕

