សារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃសុក្រ (៦ មីនា) នេះថា ក្រុមអាជីវករជួញដូរប្រេងឥន្ធនៈក្នុងតំបន់អាស៊ី កំពុងតែជួបការលំបាកក្នុងការស្វែងរកប្រភពផ្គត់ផ្គង់ជំនួស ខណៈសង្រ្គាមនៅអ៊ីរ៉ង់ បានបង្អាក់ការដឹកជញ្ជូនពីអ្នកផ្គត់ផ្គង់សំខាន់ៗនៅមជ្ឈិមបូព៌ាតាមរយៈច្រកសមុទ្រ Hormuz ដែលបង្ខំឱ្យពួកគេងាកទៅរកការនាំចូលពីបណ្តាប្រទេសលោកខាងលិចវិញ។

កង្វះខាតបរិមាណប្រេងឥន្ធនៈពីមជ្ឈិមបូព៌ា នឹងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងសម្រាប់នាវា ដែលរុញឱ្យតម្លៃនៅតាមកំពង់ផែសំខាន់ៗដូចជាសិង្ហបុរី កើនឡើងបន្ថែមទៀតក្នុងប៉ុន្មានសប្តាហ៍ខាងមុខ និងបង្កើនថ្លៃដើមលើការចាក់ប្រេងសម្រាប់ម្ចាស់នាវា។ ការកើនឡើងនៃថ្លៃដើមទាំងនេះ នឹងបម្លែងជាការឡើងថ្លៃទំនិញសម្រាប់ក្រុមហ៊ុនដឹកជញ្ជូន រួចបញ្ជូនផលប៉ះពាល់បន្តទៅអ្នកប្រើប្រាស់។

ការរំពឹងទុកអំពីកង្វះខាតកាន់តែខ្លាំង បានធ្វើឱ្យទីផ្សារប្រេងហក់ឡើងយ៉ាងគំហុកក្នុងសប្តាហ៍នេះ ជាពិសេសប្រភេទប្រេងដែលមានកម្រិតស៊ុលភ័រខ្ពស់ ដែលជាទូទៅនាំចូលមកពីមជ្ឈិមបូព៌ា។ យោងតាមទិន្នន័យពី Kpler បានបង្ហាញថា បរិមាណនៃការនាំចេញប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ឆ្ពោះមកកាន់អាស៊ី ជាមធ្យមមានចំនួន ១,២ លានតោនក្នុងមួយខែ ឬប្រហែល ២៤៦.០០០ បារ៉ែលក្នុងមួយថ្ងៃ ដោយប្រហែល ៧០% នៃចំនួននោះ ត្រូវបាននាំចូលមកកាន់តំបន់អាស៊ីអាគ្នេយ៍។

ទិន្នន័យដដែលបង្ហាញថា ការនាំចេញប្រេងឥន្ធនៈសរុបតាមច្រកសមុទ្រ Hormuz ជាធម្មតាមានចំនួនប្រហែល ៣,៧ លានតោនក្នុងមួយខែ។ ការវិភាគរបស់ Kpler លើសកម្មភាពនាវាបានបង្ហាញថា ការធ្វើដំណើររបស់នាវាដឹកប្រេងនាពេលបច្ចុប្បន្ន មានកម្រិតទាបជាងសប្តាហ៍មុន រហូតដល់ទៅ ៩០%៕