នៅថ្ងៃសុក្រ (៦ មីនា) នេះ កញ្ចប់ចំណាយលើវិស័យការពារជាតិរបស់កោះតៃវ៉ាន់ នៅតែមិនអាចទៅមុខបាន ដោយប្រធានអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ លោក Wellington Koo បានច្រានចោលសំណើរបស់បក្សប្រឆាំង ដែលបានស្នើឱ្យបន្ថយកញ្ចប់ថវិកាការពារជាតិ ឱ្យមកត្រឹមតែ ១ភាគ៣ នៃថវិកាដែលរដ្ឋាភិបាលចង់បាន និងកំណត់កាលបរិច្ឆេទសម្រាប់មហិច្ឆតានៃការទិញអាវុធពីសហរដ្ឋអាមេរិក ក្នុងអ្វីដែលលោក Koo បានលើកឡើងថា ជាការមិនអាចទៅរួចនោះទេ។

កោះតៃវ៉ាន់បានប្រឈមនឹងសម្ពាធពីសហរដ្ឋអាមេរិក ឱ្យដំឡើងកញ្ចប់ថវិកាការពារជាតិរបស់ខ្លួនឱ្យបានខ្ពស់។ កាលពីឆ្នាំមុន មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានស្នើកញ្ចប់ពិសេសនៃការចំណាយបន្ថែមលើវិស័យការពារជាតិចំនួន ៤០ ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងប្រទេសចិន។

ប៉ុន្តែគណបក្សប្រឆាំង គួមីនតាំង (KMT) ដែលមានសំឡេងភាគច្រើនក្នុងសភា រួមជាមួយគណបក្សតូចមួយទៀត បានបដិសេធមិនពិនិត្យលើសំណើនោះទេ ហើយផ្ទុយទៅវិញ នៅសប្តាហ៍នេះ បានដាក់ចេញនូវសំណើផ្ទាល់ខ្លួនដែលមានតម្លៃថោកជាង ដែលផ្តល់មូលនិធិត្រឹមតែប្រហែល ៣០% នៃចំនួនដែលលោក Lai ចង់បានប៉ុណ្ណោះ។

សំណើប្រឆាំងតបរបស់បក្ស KMT បង្ហាញថា បក្សនេះបានកំណត់កម្រិតថវិកាត្រឹម ១១,៩៦ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ និងដាក់កាលបរិច្ឆេទបញ្ចប់ឱ្យបានត្រឹមចុងឆ្នាំ២០២៨។ លោក Koo បានប្រាប់អ្នកយកព័ត៌មានថា៖ «បើគ្រប់យ៉ាងតម្រូវឱ្យដឹកជញ្ជូនមកដល់ និងអនុវត្តឱ្យបានពេញលេញមុនកាលកំណត់ នោះនឹងធ្វើឱ្យគម្រោងទាំងនេះត្រូវជាប់គាំង ដែលធ្វើឱ្យការអនុវត្តមិនអាចទៅរួចឡើយ»៕