ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកាណាដា លោក Oleg Stepanov បាននិយាយថា ប្រទេសនេះ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់ខ្លួន តាមរយៈការស្វែងរកការធ្វើយោធានីយកម្មនៅតំបន់អាកទិក ដោយធ្វើអត្ថា ធិប្បាយអំពីអត្ថាធិប្បាយថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand ដែលបានជំរុញឲ្យអង្គការណាតូផ្តោតលើតំបន់អាកទិក។

អ្នកការទូតរុស្ស៊ីរូបនេះ បានប្រាប់សារព័ត៌មានTASSថា៖«ការធ្វើយោធានីយកម្មនៅតំបន់អាកទិក នឹងមិននាំទៅរកអ្វីល្អទេ។ ការប៉ុនប៉ងរបស់មន្ត្រីអូតាវ៉ា ដើម្បីលើកកម្ពស់បញ្ហានេះនៅក្នុងអង្គការណាតូ គឺជារឿងគួរឲ្យសោកស្តាយ។ សេចក្តីប្រាថ្នាបែបនេះ គឺគ្មានន័យ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេស កាណាដា។ សកម្មភាពនីមួយៗ បង្កឲ្យមានចំណាត់ការតបត។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីកាណាដា Mark Carney គួរតែយល់អំពីរឿងនេះ»។

យោងតាមលោក Stepanov «ជំហររបស់រុស្ស៊ីនៅក្នុងបរិបទនេះ នៅតែមិនផ្លាស់ប្តូរ»។ អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ថា៖«យើងតស៊ូមតិជាប់លាប់ក្នុងការថែរក្សាតំបន់អាកទិក ជាតំបន់សន្តិភាព ដែលគ្មាន ជម្លោះ។ ក្នុងពេលជាមួយគ្នានេះ យើងនឹងការពារផលប្រយោជន៍ជាតិរបស់យើងនៅទីនោះជានិច្ច។ រុស្ស៊ីគឺជារដ្ឋអាកទិកដែលមានសមត្ថភាពគ្រប់គ្រាន់ដោយខ្លួនឯង ហើយមានសមត្ថភាពពេញលេញ នៅភាគខាងជើង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមណាមួយ ដោយមិនគិតពីកន្លែងដែលវាអាចមានប្រភពមកពីណានោះទេ»៕