មន្ត្រីអាមេរិក ២រូប បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមអ្នកស៊ើបអង្កេតយោធាអាមេរិកជឿថា វាទំនងជាកងកម្លាំងអាមេរិកជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារជាក់ស្តែង លើសាលារៀនក្មេងស្រី នៅប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់កុមារជាច្រើននាក់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុន្តែមិនទាន់ឈានដល់ការសន្និដ្ឋានចុងក្រោយ ឬបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេនៅឡើយទេ។
សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់កំណត់សេចក្ដីលម្អិតបន្ថែម អំពីការស៊ើបអង្កេតនេះបានទេ ក្នុងនោះរួមទាំងភស្តុតាងអ្វីខ្លះដែលរួមចំណែកដល់ការវាយតម្លៃបណ្តោះអាសន្ននេះ ប្រភេទគ្រាប់រំសេវអ្វីដែលត្រូវបានប្រើប្រាស់ អ្នកណាជាអ្នកទទួលខុសត្រូវ ឬមូលហេតុអ្វីដែលសហរដ្ឋអាមេរិកអាចនឹងវាយប្រហារសាលារៀននោះ។

កាលពីថ្ងៃទី៤ ខែមីនា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានទទួលស្គាល់ថា យោធាអាមេរិកកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។
ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារនេះគឺជាការពិភាក្សាអំពីបញ្ហាយោធាដ៏រសើប មន្ត្រីទាំងនេះមិនបានច្រានចោលនូវលទ្ធភាពដែលភស្តុតាងថ្មីអាចលេចឡើង ដែលដកការទទួលខុសត្រូវចេញពីសហរដ្ឋអាមេរិក ហើយចង្អុលទៅកាន់ភាគីទទួលខុសត្រូវផ្សេង នៅក្នុងឧប្បត្តិហេតុនេះ។ សារព័ត៌មាន Reuters មិនអាចកំណត់បានថា តើការស៊ើបអង្កេតនេះនឹងមានរយៈពេលយូរប៉ុនណា ឬភស្តុតាងអ្វីខ្លះដែលអ្នកស៊ើបអង្កេតអាមេរិកកំពុងស្វែងរក មុនការវាយតម្លៃអាចបញ្ចប់បានទាំងស្រុង។ សេតវិមានមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ឡើយ ជុំវិញការស៊ើបអង្កេតនេះ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកនាំពាក្យ លោកស្រី Karoline Leavitt បានលើកឡើងថា៖ «ខណៈដែលការស៊ើបអង្កេតករណីនេះកំពុងដំណើរការ របបអ៊ីរ៉ង់កំពុងកំណត់គោលដៅលើជនស៊ីវិល និងកុមារ មិនមែនសហរដ្ឋអាមេរិកនោះទេ»។
សូមបញ្ជាក់ថា សាលារៀនក្មេងស្រី ក្នុងទីក្រុង Minab នៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ ត្រូវបានវាយប្រហារកាលពីថ្ងៃទី២៨ ខែកុម្ភៈ អំឡុងថ្ងៃដំបូងនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើសាធារណរដ្ឋឥស្លាម។ លោក Ali Bahreini ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានបញ្ជាក់ថា ការវាយប្រហារនេះបានសម្លាប់សិស្សយ៉ាងតិចចំនួន ១៥០នាក់៕

