រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ទីក្រុងតេអេរ៉ង់ត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីប្រឈមមុខនឹងការឈ្លានពានផ្លូវគោករបស់សហរដ្ឋអាមេរិក ដោយបង្ហាញនូវសំឡេងរឹងត្អឹង ខណៈដែលជម្លោះជាមួយទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល កាន់តែធំទៅៗ។

កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) នៅពេលត្រូវបានសួរនៅក្នុងបទសម្ភាសន៍ជាវីដេអូជាមួយប្រព័ន្ធផ្សព្វផ្សាយ NBC News ថា តើលោកបារម្ភពីការឈ្លានពានដែលអាចកើតមានដោយសហរដ្ឋអាមេរិកដែរ ឬទេ លោក Araghchi បានឆ្លើយតបថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចហើយ។
លោកបាននិយាយថា៖ «ទេ យើងកំពុងរង់ចាំពួកគេ។ ទីក្រុងតេអេរ៉ង់មានទំនុកចិត្តថា អាចប្រឈមមុខតទល់នឹងកងកម្លាំងអាមេរិក ហើយការធ្វើបែបនេះ នឹងក្លាយជាគ្រោះមហន្តរាយដ៏ធំមួយ សម្រាប់ទីក្រុងវ៉ាស៊ីនតោន»។
ការកត់សម្គាល់នេះបានកើតឡើងបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាការវាយប្រហារដែលអាជ្ញាធរអ៊ីរ៉ង់ ឲ្យដឹងថា បានសម្លាប់មេដឹកនាំកំពូល លោក Ali Khamenei និងមន្ត្រីសន្តិសុខជាន់ខ្ពស់មួយចំនួន។
ជាមួយគ្នានេះ ទោះបីជាជម្លោះរីករាលដាលកាន់តែធំឡើងក៏ដោយ ក៏លោក Araghchi បាននិយាយថា អ៊ីរ៉ង់មិនបានស្នើសុំឲ្យមានបទឈប់បាញ់នោះទេ។ លោកបានចង្អុលបង្ហាញពីសង្គ្រាមរយៈខ្លីជាមួយអ៊ីស្រាអែលកាលពីឆ្នាំមុន ដោយនិយាយថា ទីក្រុងតេអេរ៉ង់ក៏មិនបានស្វែងរកបទឈប់បាញ់នៅពេលនោះដែរ។
ហើយលោក Araghchi បានអះអាងថា គោលបំណងរបស់អ៊ីរ៉ង់ ក្នុងការប្រយុទ្ធនៅពេលនេះ គឺគ្រាន់តែដើម្បីទប់ទល់នឹងអ្វីដែលលោកបានពិពណ៌នាថា ជាវិធានការខុសច្បាប់លើប្រទេសរបស់លោកប៉ុណ្ណោះ៕
