កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បាននិយាយថា សភាពការណ៍វិវត្តន៍ថ្មីៗនេះ ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ គឺដោយសារតែ «ភាពរេចរឹលនៃច្បាប់អន្តរជាតិ»។
ក្នុងសុន្ទរកថារបស់លោកស្រី នៅសាកលវិទ្យាល័យ Munich (University of Munich) ក្នុងប្រទេសស្វីស លោកស្រី Kallas បានលើកឡើងថា៖ «នាពេលនេះ ភាពវឹកវរដែលយើងឃើញនៅជុំវិញយើង នៅតំបន់មជ្ឈិមបូព៌ា គឺជាផលវិបាកដោយផ្ទាល់នៃភាពរេចរឹលនៃច្បាប់អន្តរជាតិ។ វាបានចាប់ផ្តើមនៅពេលដែលរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឈ្លានពានប្រទេសជិតខាងរបស់ខ្លួន ដោយមិនមានការដាក់ទោស ឬវិធានការសមស្រប ចំពោះទង្វើមិនគិតឲ្យបានល្អិតល្អន់នេះ»។

លោកស្រី Kallas បានកត់សម្គាល់ថា សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន «បានបញ្ជូនសញ្ញាមួយទៅកាន់ពិភពលោកថា គ្មានការទទួលខុសត្រូវ ចំពោះសកម្មភាពរបស់អ្នកណាម្នាក់ឡើយ។ សៀវភៅច្បាប់ត្រូវបានបោះចេញទៅតាមបង្អួច»។ លោកស្រីបានបន្ថែមថា៖ «បើគ្មានការស្តារច្បាប់អន្តរជាតិឡើងវិញទេ ក្នុងនោះរួមជាមួយនឹងការទទួលខុសត្រូវផង ច្បាស់ណាស់ យើងនឹងត្រូវប្រឈមនឹងផលវិបាកដ៏អាក្រក់ ដែលឃើញការរំលោភបំពានច្បាប់ម្តងហើយម្តងទៀត ការរំខាន និងភាពវឹកវរ»។
ជាមួយគ្នានេះ លោកស្រី Kallas បានចង្អុលបង្ហាញពី «ការផ្លាស់ប្តូរគំរូ» រួមជាមួយនឹងសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ «ដែលត្រូវបានកំណត់លក្ខណៈដោយការប្រកួតប្រជែង និងក្រុមអ្នកនយោបាយប្រើអំណាចបង្ខិតបង្ខំ ខណៈដែលសណ្តាប់ធ្នាប់ពិភពលោកគ្របដណ្ដប់ដោយមហាអំណាចយោធាមួយក្តាប់តូច ដែលមានគោលបំណងបង្កើត និងធានានូវដែនឥទ្ធិពលរបស់ខ្លួន»៕


