ចរាចរណ៍ដឹកជញ្ជូនពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz បានធ្លាក់ចុះរហូតដល់ ៩០ភាគរយ ក្នុងអំឡុងពេលជម្លោះមានសភាពកាន់តែខ្លាំងឡើងៗ នៅតំបន់មជ្ឈិមបូព៌ា ដែលបង្ខំឲ្យពាណិជ្ជកម្មផ្លូវសមុទ្រសកល ប្ដូរផ្លូវធ្វើដំណើរទៅកាន់តំបន់ជុំវិញជ្រោយ Cape of Good Hope ដែលមានទីតាំងនៅចុងភាគខាងត្បូងនៃឧបទ្វីប Cape ចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Cape Town របស់ប្រទេសអាហ្វ្រិកខាងត្បូង។
បន្ទាប់ពីមានការបិទផ្លូវទឹកដឹកជញ្ជូនថាមពល និងប្រេងដ៏សំខាន់ដោយទីក្រុងតេអេរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ មជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មសមុទ្រចក្រភពអង់គ្លេស (UKMTO) បានបង្កើនហានិភ័យសន្តិសុខនៅក្នុងច្រករបៀងនេះដល់កម្រិតធ្ងន់ធ្ងរ ដែលជំរុញឲ្យក្រុមហ៊ុនធានារ៉ាប់រងលុបចោលគោលនយោបាយគ្របដណ្តប់សង្គ្រាមភ្លាមៗ សម្រាប់នាវា នៅក្នុងតំបន់នេះ។
បើយោងតាមទិន្នន័យតាមដានពេលវេលាជាក់ស្តែងពីក្រុមហ៊ុន Windward បានឲ្យដឹងថា មានតែនាវាចំនួន ៤គ្រឿងប៉ុណ្ណោះដែលបានឆ្លងកាត់ច្រកសមុទ្រនេះ កាលពីថ្ងៃទី៣ ខែមីនា ដែលបង្ហាញពីការធ្លាក់ចុះ ៩០ភាគរយ ធៀបនឹងមធ្យមភាគ ៧ថ្ងៃមុន។ ច្រកសមុទ្រនេះធ្លាប់បានដោះស្រាយចរាចរណ៍នាវាជាមធ្យមចំនួន ១៣៨គ្រឿង ក្នុង ១ថ្ងៃ។ ទិន្នន័យពីក្រុម MarineTraffic បានបង្ហាញថា ចរាចរណ៍នាវាដឹកប្រេង ក៏បានធ្លាក់ចុះស្រដៀងគ្នា ៩០ភាគរយ បើធៀបទៅនឹងកម្រិតមុនមានការវាយប្រហារ។

ក្រុមហ៊ុន Maersk បានផ្អាកការធ្វើដំណើរសម្រាប់នាវាដែលឆ្លងកាត់ព្រែកជីក Suez តាមរយៈច្រកសមុទ្រ Bab el-Mandeb ខណៈដែលកំពុងប្តូរផ្លូវធ្វើដំណើរទាំងអស់ពីមជ្ឈិមបូព៌ា និងឥណ្ឌា ទៅកាន់សមុទ្រមេឌីទែរ៉ាណេ និងពីមជ្ឈិមបូព៌ា និងឥណ្ឌា ទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិក ជុំវិញជ្រោយ Cape of Good Hope។
ច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកដ៏សំខាន់មួយ ដែលមានទីតាំងនៅមាត់ឈូងសមុទ្រពែរ្ស។ ច្រករបៀងដឹកជញ្ជូននេះ ភ្ជាប់ប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ពីមជ្ឈិមបូព៌ាទៅកាន់ទីផ្សារពិភពលោក តាមរយៈសមុទ្រអារ៉ាប់ និងមហាសមុទ្រឥណ្ឌា៕

