ស្នងការពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ចសហភាពអឺរ៉ុប (EU) លោក Maros Sefcovic បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) ថា លោកជឿជាក់ថា សហរដ្ឋអាមេរិក នឹងគោរពលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាជាមួយ EU ក្នុងឆ្នាំ២០២៥ បន្ទាប់ពីទទួលបានការធានាពីសមភាគីអាមេរិករបស់លោក។

លោក Sefcovic បានបញ្ជាក់ថា៖ «ខ្ញុំជឿថា សហរដ្ឋអាមេរិកនឹងគោរពកិច្ចព្រមព្រៀងនេះ ពីព្រោះនេះគឺជាការធានាឡើងវិញដែលខ្ញុំទទួលបានពីដៃគូអាមេរិករបស់ខ្ញុំ»។
បន្ទាប់ពីតុលាការកំពូល បានលុបចោលពន្ធសកលភាគច្រើនរបស់លោក ក្រឹត្យរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់ពីខែកុម្ភៈ បានដាក់អត្រាពន្ធ ១០ភាគរយលើការនាំចូល។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយកាលពីថ្ងៃទី៤ ខែមីនាថា អត្រាទាំងនោះទំនងជានឹងកើនឡើងដល់ ១៥ភាគរយ នៅចុងក្នុងសប្តាហ៍នេះ។
លោក Trump និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ចប់កិច្ចព្រមព្រៀងមួយ នៅឯទីលានវាយកូនហ្គោល Turnberry របស់មេដឹកនាំអាមេរិក ក្នុងដែនដីស្កុតឡែន កាលពីខែកក្កដា ឆ្នាំ២០២៥ ដែលបានកំណត់អត្រាពន្ធយ៉ាងទូលំទូលាយ ១៥ភាគរយរបស់សហរដ្ឋអាមេរិក សម្រាប់ការនាំចេញភាគច្រើនរបស់ EU។
ការកត់សម្គាល់របស់លោក Sefcovic បានកើតឡើងនៅឯទីក្រុង Toronto ប្រទេសកាណាដា ជាកន្លែងដែលលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដា លោក Maninder Sidhu ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងបន្ធូរបន្ថយច្បាប់ពាណិជ្ជកម្ម ក្រោមកិច្ចព្រមព្រៀងដែលមានស្រាប់របស់ភាគីទាំង២ ខណៈដែលប្រទេសនានានៅទូទាំងពិភពលោក ខិតខំបង្កើនពាណិជ្ជកម្មជាមួយដៃគូ មិនមែនសហរដ្ឋអាមេរិក៕

