មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា និងក្រុមសិទ្ធិមនុស្ស កាលពីថ្ងៃអង្គារបានអំពាវនាវដល់ក្រុមហ៊ុនប្រេងឥន្ធនៈ Total និងក្រុមហ៊ុនប្រេងឥន្ធនផ្សេងទៀត ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះឲ្យផ្អាកការចំណាយដល់ប្រទេស ដែលគ្រប់គ្រងដោយយោធាមួយនេះ ក្រោយរដ្ឋប្រហារកាលពីខែមុន។

ការអំពាវនេះមានឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន Total បាននិយាយថា ខ្លួនព្រួយបារម្ភចំពោះស្ថានភាពនៅសហភាពមីយ៉ាន់ម៉ា ជាទីដែលមនុស្សជាច្រើនត្រូវបានសម្លាប់ នៅក្នុងបាតុកម្មជាបន្តបន្ទាប់ប្រឆាំងរដ្ឋប្រហារ ខណៈផ្ដោតសំខាន់ផងដែរទៅលើផែនការឧស្ម័នរបស់ខ្លួន នៅក្នុងប្រទេសដែលក្រខ្សត់ថាមពលឥន្ធនៈ។
រដ្ឋប្រហារនេះបានបណ្ដាលឲ្យបណ្ដាក្រុមហ៊ុនប្រេងឥន្ធនៈអន្តរជាតិ ដែលធ្វើប្រតិបត្តិការនៅក្នុងសហភាពមីយ៉ាន់ម៉ា គ្មានជម្រើសក្រៅតែពីផ្អាកទំនាក់ទំនងជាមួយរបបសឹកមួយនេះ នេះបើតាមការឲ្យដឹងពីរដ្ឋាភិបាលស្រមោល ដែលបាននិយាយនៅក្នុងលិខិតមួយទៅកាន់ក្រុមហ៊ុន Total និងបានបង្ហោះនៅក្នុងទំព័រ Facebook ផ្លូវការរបស់ខ្លួន។ ក្រុមហ៊ុន Total ពុំទាន់បានធ្វើអត្ថាធិប្បាយណាមួយភ្លាមៗទេពាក់ព័ន្ធនឹងលិខិត ឬការចំណាយដែលនឹងធ្វើឡើងនៅពេលខាងមុខនៅក្នុងសហភាពមីយ៉ាន់ម៉ា៕
អត្ថបទ៖ សុខមាន