
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីឧដុង្គ(ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ។
គម្រោងសាងសង់ផ្លូវជាតិលេខ៥១ បានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ។ ក្នុងនោះផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍មាន ២គន្លង(១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្តមាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ១.៧៥ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមទទឹង ០.៥០ម៉ែត្រ។
គម្រោងនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន បានប្រើប្រាស់រយៈពេលសាងសង់ចំនួន២៧ខែ គិតចាប់ពី ខែមិថុនា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ បានចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ផ្លូវជាតិលេខ៥១ គឺជាខ្សែផ្លូវស្ថិតនៅក្នុងភូមិសាស្រ្តរវាងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ រួមមានដូចជា៖ ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៤១ និងតភ្ជាប់ទៅផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤២ ទៅរាជធានីភ្នំពេញ, និងផ្លូវលេខ១៤៤០ ទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ដោយសារនៅតំបន់នេះ សម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន ដែលមានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដូចជា លំនៅឋាន និងបុរីជាច្រើន ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះ។
ផ្លូវជាតិលេខ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េ លេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា៕
