ក្រុមសាសនា ក្រុមបណ្ឌិតសភា និងក្រុមសង្គមស៊ីវិលនៅប្រទេសឥណ្ឌូនេស៊ី កំពុងជំរុញឲ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញ ឬសូម្បីតែដកហូតសមាជិកភាពរបស់ខ្លួនពីក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់កិច្ចខិតខំសាងសង់តំបន់ហ្កាហ្សាឡើងវិញ ស្របពេលសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។
ក្រុមប្រឹក្សាវិទ្យាសាស្រ្តសាសនាឥណ្ឌូនេស៊ី(MUI) ស្ថិតក្នុងចំណោមក្រុមសង្គមស៊ីវិលដែលបានធ្វើការទាមទារឲ្យឥណ្ឌូនេស៊ីចាកចេញពីក្រុមប្រឹក្សាសន្តិភាព ស្របពេលកើតមានជម្លោះ ។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុម MUI សូមធ្វើការជំរុញឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីដកហូតសមាជិកភាពរបស់ខ្លួនចេញពីក្រុមប្រឹក្សាសន្តិភាព ស្របពេលដែលវាហាក់ដូចជាគ្មានប្រសិទ្ធិភាពនោះទេ ក្នុងការសម្រេចបានឯករាជ្យពិតប្រាកដនៅប៉ាឡេស្ទីន ។

ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីនិយាយថា ការពិភាក្សាពីក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ដែលប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ គឺជាសមាជិករួមចំណែកទាហានដ៏សំខាន់មួយនោះ ត្រូវផ្អាកបណ្តោះអាសន្ន ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា ។
ក្រុមប្រឹក្សាសន្តិភាព ត្រូវបានបង្កើតដំបូង ដើម្បីធានាថា ការសាងសង់ឡើងវិញក្រោយជម្លោនៅតំបន់ហ្កាហ្សា ដំណើរការទៅដោយប្រសិទ្ធិភាព ។
សង្រ្គាមតាមច្រកអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានសម្លាប់ជនស៊ីវិលជាច្រើន ធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវអាកាស ធ្លាក់ក្នុងភាពវឹកវរ និងធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ ក្រោយការបិទច្រកសមុទ្រ Hormuz ដោយប្រសិទ្ធិភាព ។
ដោយឡែក ការចូលរួមក្រុមប្រឹក្សាសន្តិភាពរបស់ឥណ្ឌូនេស៊ី បានរងការរិះគន់ច្រើនពីក្រុមអ្នកជំនាញ ក្រុមសកម្មជន និងក្រុមមូស្លីមនៅក្នុងប្រទេសរបស់ពួកគេដែលនិយាយថា វាធ្វើឲ្យប៉ះពាល់ដល់ការគាំទ្រយូរអង្វែងរបស់ប្រទេសជនមូស្លីមច្រើនជាងគេបំផុតរបស់ពិភពលោកមួយនេះ ចំពោះបុព្វហេតុជនប៉ាឡេស្ទីន ៕
