អគ្គសេនាធិការកងទ័ពរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Kang Hoon-sik និយាយនៅថ្ងៃសុក្រនេះថា កូរ៉េខាងត្បូង គ្រោងនឹងទទួលបានប្រេងឆៅ ៦លានបារ៉ែល ឬច្រើនជាងនេះ ពីអារ៉ាប់រួម ។
លោក Kang និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការរៀបចំបានធ្វើឡើងតាមការណែនាំរបស់លោកប្រធានាធិបតី Lee Jae Myung ក្រោយការពិគ្រោះយោបល់ជាមួយលោក Khaldoon Khalifa Al Mubarak ដែលជាប្រធានអាជ្ញាធរកិច្ចការប្រតិបត្តិរបស់ទីក្រុង Abu Dhabi ។

លោក Kang និយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងសេអ៊ូលថា ក្រោមផែនការនេះ កូរ៉េខាងត្បូងនឹងបញ្ជូននាវាដឹកប្រេង ២គ្រឿង ទៅកាន់កំពង់ផែអារ៉ាប់រួម ដែលមិនត្រូវការឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្រ្តរសើប Hormuz នោះឡើយ ក្នុងនោះ ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប់រួម ជាអ្នកបំពេញប្រេងឆៅប្រហែល ៤លានបារ៉ែល ។
ជាងនេះទៅទៀត អារ៉ាប់រួមបានធានាទីក្រុងសេអ៊ូលថា ពួកគេអាចនឹងផ្គត់ផ្គង់ប្រេង ២លានបារ៉ែលបន្ថែមទៀត ពីប្រេងឆៅបម្រុងដែលបានស្តុករួចទៅហើយនៅកូរ៉េខាងត្បូង បើសិនជាចាំបាច់ ។
លោក Kang និយាយទៀតថា ការនាំចូលត្រូវបានគេរំពឹងទុកថា នឹងជួយធ្វើឲ្យស្ថិរភាពការផ្គត់ផ្គង់ហើយនិងតម្រូវការថាមពលក្នុងស្រុក ខណៈបន្ធូរបន្ថយសម្ពាធលើតម្លៃប្រេង ដែលលោកនិយាយថា បានហក់ឡើងខ្ពស់យ៉ាងឆាប់រហ័ស ដោយសារការវិវត្តន៍របស់សកលលោក ៕
