សេវាសារព័ត៌មានរបស់ក្រសួងការបរទេសអាស៊ែរបៃហ្សង់ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាស៊ែរបៃហ្សង់របស់ខ្លួន គឺលោក Jeyhun Bayramov បានជម្រាបថា ភាគីអ៊ីរ៉ង់បានចាប់ផ្តើមការស៊ើបអង្កេតលើឧប្បត្តិហេតុទាក់ទងនឹងការធ្លាក់យានដ្រូនមួយគ្រឿង នៅក្នុងទីក្រុង Nakhchivan។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖«លោករដ្ឋមន្ត្រីអ៊ីរ៉ង់ បានសម្តែងការព្រួយបារម្ភអំពីការវាយប្រហារដោយដ្រូនលើទឹកដីនៃសាធារណរដ្ឋស្វយ័ត Nakhchivan។ លោកបានជម្រាបថា ភាគីអ៊ីរ៉ង់ និងយោធាបានចាប់ផ្តើមការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ»។

នាពេលមុននេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍ថា ក្នុងការសន្ទនាជាមួយលោក Bayramov លោក Araghchi បានបដិសេធការចោទប្រកាន់ដែលថា អ៊ីរ៉ង់ «បានបាញ់មីស៊ីលណាមួយ» ឆ្ពោះទៅកាន់ប្រទេសអាស៊ែរបៃហ្សង់ ហើយបាននិយាយថា ការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ត្រូវបានចាប់ផ្តើមហើយ៕
