អង់គ្លេសនឹងដកចេញការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការស្នាក់នៅពីក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនដែលបំពានច្បាប់ ធ្វើការខុសច្បាប់ ឬអាចគាំទ្រខ្លួនពួកគេ ក្រោមវិធានការថ្មីដែលមានគោលបំណងរឹតត្បិតប្រព័ន្ធ ស្របពេលសម្ពាធកើនឡើងពីកំណែទម្រង់ចក្រភពអង់គ្លេស និងភាពតានតឹងផ្ទៃក្នុងគណបក្សពលករ ។
វិធានការថ្មីនេះ ត្រូវបានប្រកាសឡើងដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី Shabana Mahmood ដោយលំនាំវិធីសាស្រ្តរបស់ដាណឺម៉ាក និងបង្កើតវិធានការទ្រង់ទ្រាយធំជាងមុនដែលរួមបញ្ចូលទាំងការបិទសណ្ឋាគារសុំសិទ្ធិជ្រកកោនផងដែរ ។
លោកស្រី Mahmood បន្តថា រដ្ឋាភិបាលនឹងដាក់ចេញកម្មវិធីសាកល្បង ផ្តល់ជូនក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនពុំបានសម្រេចនូវទឹកប្រាក់ ១ម៉ឺនផោន ក្នុងសមាជិកម្នាក់ សរុបរហូតដល់ ៤ម៉ឺនផោន ដើម្បីឲ្យចាកចេញពីប្រទេស ឬពុំដូច្នោះទេ នឹងប្រឈមការនាំចេញទាំងបង្ខំ ។
លោកស្រី Mahmood និយាយទៀតថា អង់គ្លេសនឹងលុបចោលតួនាទីស្របច្បាប់ ដើម្បីគាំទ្រជនភៀសខ្លួន ហើយនិងកាត់បន្ថយពាក់កណ្តាលការអនុញ្ញាតឲ្យស្នាក់នៅដំបូងសម្រាប់ជនភៀសខ្លួន មកនៅត្រឹម ២ឆ្នាំកន្លះ នៅក្នុងកិច្ចខិតខំមួយ ដើម្បីធ្វើឲ្យប្រព័ន្ធមានលក្ខខណ្ឌ ៕