កងទ័ពអាកាសឥណ្ឌាបង្ហោះសារលើបណ្តាញព័ត៌មានសង្គម X សរសេរថា អ្នកបើកបរយន្តហោះរបស់កងទ័ពអាកាស ២នាក់ បានស្លាប់ ក្រោយយន្តហោះចម្បាំងមួយគ្រឿង ប្រតិបត្តិការដោយពួកគេ បានធ្លាក់នៅរដ្ឋភាគឦសាន Assam ប្រទេសឥណ្ឌា ។

សារបង្ហោះសរសេរទៀតថា យន្តហោះចម្បាំង Su-30MKI ស្ថិតក្នុងបេសកកម្មហ្វឹកហាត់ ពេលដែលឧបទ្ទេវហេតុកើតឡើង ។
សាក្សីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះនិយាយថា យន្តហោះចម្បាំងមួយគ្រឿងនេះ ហោះទាបខ្លាំងណាស់ ។ ពួកយើងឃើញវា ពេលដែលហោះកាន់តែទាបទៅៗ ។ ពួកយើងរស់នៅចម្ងាយប្រហែល ៥គ.មពីកន្លែងធ្លាក់យន្តហោះ ហើយពួកយើងបានឮសំឡេងដូចជាផ្ទុះអ្វីមួយ ។ ពួកយើងឃើញវាដោយផ្ទាល់ភ្នែក ពេលវាធ្លាក់ ពេលដែលពួកយើងសំឡឹងមើលទីនោះ ស្រាប់តែមានអណ្តាតភ្លើងផុសឡើងលើអាកាស មាននូវសំណុំភ្លើងដ៏ធំមួយ ។
ឧបទ្ទេវហេតុនេះដែរ កើតឡើងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ ក្រោយយន្តហោះចម្បាំង Tejas មួយគ្រឿងរបស់ឥណ្ឌា បានធ្លាក់នៅក្នុងពិព័រណ៍អាកាសក្រុង Dubai កាលពីឆ្នាំ ២០២៥ ៕
