នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ ទីក្រុងតេអេរ៉ង់បានគំរាមកំហែងថា នឹងវាយប្រហារលើ «ទីតាំងទាំងអស់» នៃតំបន់ឃឺដ ក្នុងប្រទេសអ៊ីរ៉ាក់ ប្រសិនបើក្រុមសកម្មប្រយុទ្ធរបស់តំបន់នេះ ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងប្រទេសអ៊ីរ៉ង់។
ដោយដកស្រង់ពីលិខិតរបស់ក្រុមប្រឹក្សាការពារជាតិអ៊ីរ៉ង់ ទីភ្នាក់ងារសារព័ត៌មាន Mehr ដែលមានទំនាក់ទំនងជាមួយរដ្ឋ បានរាយការណ៍ថា៖ «រហូតមកដល់ពេលនេះ មានតែមូលដ្ឋានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងក្រុមផ្ដាច់ខ្លួននៅក្នុងតំបន់ប៉ុណ្ណោះ ដែលត្រូវបានកំណត់គោលដៅ»។
ក្រុមប្រឹក្សាបានព្រមានថា ប្រសិនបើព្រមអនុញ្ញាតឲ្យ «មានការបន្តវត្តមាន ការរៀបចំគម្រោងការអាក្រក់ និងការចូល» សម្រាប់ក្រុមសកម្មប្រយុទ្ធ ទៅក្នុងប្រទេសអ៊ីរ៉ង់ «ទីតាំងទាំងអស់នៃតំបន់ឃឺដរបស់អ៊ីរ៉ាក់ នឹងត្រូវបានកំណត់គោលដៅយ៉ាងទូលំទូលាយ»។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងយល់ព្រមចំពោះការវាយលុកដោយក្រុមយុទ្ធជនឃឺដអ៊ីរ៉ង់ចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីគាំទ្រសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។
យោងតាមប្រភពចំនួន៣ ដែលដឹងអំពីបញ្ហានេះ បានបង្ហើបឲ្យដឹងថា កងជីវពលឃឺដអ៊ីរ៉ង់ បានពិគ្រោះជាមួយសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អំពីថា តើត្រូវវាយប្រហារកងកម្លាំងសន្តិសុខអ៊ីរ៉ង់ នៅភាគខាងលិចនៃប្រទេសដែរ ឬយ៉ាងណា និងអំពីវិធីវាយប្រហារកងកម្លាំងសន្តិសុខអ៊ីរ៉ង់ នៅភាគខាងលិចនៃប្រទេសនេះ។
សម្ព័ន្ធភាពឃឺដអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅព្រំដែនអ៊ីរ៉ង់-អ៊ីរ៉ាក់ នៅក្នុងតំបន់ពាក់កណ្តាលស្វយ័តឃឺដអ៊ីរ៉ាក់ បានហ្វឹកហាត់ ដើម្បីចាប់ផ្ដើមការវាយប្រហារបែបនេះ ដោយសង្ឃឹមថា នឹងធ្វើឲ្យយោធារបស់ប្រទេសចុះខ្សោយ ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារគោលដៅអ៊ីរ៉ង់ ដោយគ្រាប់បែក និងមីស៊ីល៕