
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សន្តិភាព គឺជាឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍ ដូច្នេះត្រូវតែនាំគ្នាថែរក្សាសន្តិភាពដែលរកបានដោយលំបាកនេះឱ្យគង់វង្ស។
ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ ប្រវែងជាង៣០គីឡូម៉ែត្រ តភ្ជាប់ពីឧត្តុង្គទៅថ្នល់ទទឹងផ្លូវជាតិលេខ៤ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បន្ទាប់ពីសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន លោកប្រធានាធិបតី អ៊ុយក្រែន បាននិយាយថា សន្តិភាព គឺជាអាទិភាពខ្ពស់បំផុត ដោយពាក្យពេចន៍នេះ ក៏ជាអ្វីដែលសម្តេចដែលតែងតែនិយាយជាញយៗថា សន្តិភាព គឺជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប្រហែលជានឹងមិនឆាប់ចប់នោះទេ បើទោះបីជាសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិបានសម្រេចម្ដងហើយម្ដងទៀតក៏ដោយ ។
សម្រាប់កម្ពុជារបស់យើងមកដល់ពេលនេះហើយ យើងមិនទាន់បំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះអស់នៅឡើយទេ។ ចំណុចអស់ទាំងនេះហើយបានជាសម្ដេចនៅតែនិយាយម្ដងហើយម្ដងទៀតដោយគ្មានញញើតញញើម ហើយគ្មានអ្វីដែលត្រូវខ្លាចក្នុងការនិយាយនោះទេ អ្នកដែលចង់បង្កសង្គ្រាម គឺសង្រ្គាមនឹងងាយផ្ទុះ ប៉ុន្តែការពន្លត់សង្គ្រាមជារឿងលំបាកព្រោះសម្ដេចបានប្រើប្រាស់ជីវិតរបស់សម្ដេចជាងពាក់កណ្ដាលជីវិតហើយដើម្បីបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា៕