មេដឹកនាំសាធារណរដ្ឋអាហ្វ្រិកកណ្តាលបានថ្លែងអំណរគុណរុស្ស៊ី សម្រាប់ការគាំទ្រផ្នែកសន្តិសុខរបស់ពួកគេ និងស្នើសុំលោកប្រធានាធិបតី Vladimir Putin ឲ្យជួយប្រទេសរបស់លោក ដោះស្រាយបញ្ហាថាមពលធ្ងន់ធ្ងរ ។
លោក Faustin-Archange Touadera និយាយប្រាប់លោក Putinនៅឯវិមានក្រឹមឡាំងថា វត្តមានសន្តិសុខរបស់រុស្ស៊ី បានធ្វើឲ្យមានការបោះឆ្នោតកាលពីខែធ្នូកន្លងទៅ ដែលធ្វើឲ្យរូបលោកវិលត្រឡប់មកកាន់អំណាចវិញ សម្រាប់អាណត្តិរយៈពេល ៧ឆ្នាំថ្មី ។
តួនាទីសន្តិសុខកើនឡើងរបស់រុស្ស៊ី នៅតាមផ្នែកខ្លះរបស់អាហ្វ្រិក ត្រូវបានគេមើលឃើញថា ជាក្តីបារម្ភរបស់លោកខាងលិច ហើយវាបានកើតឡើង ស្របពេលមានការធ្វេសប្រហែសរបស់បារាំង និងសហរដ្ឋអាមេរិក ។
កងទ័ពអាហ្វ្រិករបស់រុស្ស៊ី គឺជាកងកម្លាំងប៉ារ៉ា ដែលបន្តវេនពីអតីតក្រុមទាហានស៊ីឈ្នូល Wagner កំពុងមានវត្តមាននៅតាមបណ្តាប្រទេសជាច្រើន រួមទាំងនៅម៉ាលី ហ្គីណេ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។
លោក Touadera បានថ្លែងអំណរគុណលោក Putinផងដែរ សម្រាប់ការបរិច្ចាគគ្រាប់ធុញ្ញជាតិ និងប្រេងរបស់រុស្ស៊ី ហើយលោកនិយាយថា សាធារណរដ្ឋអាហ្វ្រិកកណ្តាល ទន្ទឹងរង់ចាំការគាំទ្របន្ថែមទៀត ៕