នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បាននិយាយថា ពិភពលោក ត្រូវការទប់ស្កាត់ជាបន្ទាន់នូវការកើនឡើងភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា ស្របពេលមានការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ និងការវាយប្រហារសងសឹករបស់ទីក្រុងតេអេរ៉ង់។
អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Volker Turk បានលើកឡើងថា ជំនួសឲ្យការថយចុះនូវភាពតានតឹង ពិភពលោកកំពុងឃើញ «វោហាសាស្ត្រញុះញង់ និងបង្កសង្គ្រាមថែមទៀត ការទម្លាក់គ្រាប់បែកបន្ថែមទៀត ការបំផ្លិចបំផ្លាញបន្ថែមទៀត ការសម្លាប់បន្ថែមទៀត និងការកើនឡើងនូវភាពតានតឹងដែលជំរុញដល់ស្ថានភាពនោះបន្ថែមទៀត»។
លោក Turk បានបង្ហាញ «ក្ដីបារម្ភយ៉ាងខ្លាំង» អំពីការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសទាក់ទងនឹងការបង្កអរិភាព។ លោកក៏បានគូសបញ្ជាក់ពីរបាយការណ៍នៃការវាយប្រហារលើសាលារៀនមួយ ដោយសង្កត់ធ្ងន់ថា ទីតាំងស៊ីវិលត្រូវតែការពារ។ លោកបាននិយាយថា «ជាក់ស្តែង នេះគឺជាស្ថាប័នស៊ីវិលដែលមិនគួរត្រូវបានវាយប្រហារឡើយ»។
ជាមួយគ្នានេះ លោក Turk បានអំពាវនាវឲ្យមានការទទួលខុសត្រូវ និងការស៊ើបអង្កេត លើការរំលោភបំពានដែលត្រូវបានចោទប្រកាន់។ ប្រមុខសិទ្ធិមនុស្ស UN រូបនេះ បាននិយាយថា «អ្វីដែលយើងបានស្នើសុំ គឺការស៊ើបអង្កេតរហ័ស មានតម្លាភាព និងមិនលម្អៀងដោយជាក់ស្ដែង ដែលយើងដឹងថា ត្រូវបានប្រកាសដោយសហរដ្ឋអាមេរិក»។
នៅពេលត្រូវបានសួរអំពីសាររបស់លោកទៅកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លោកបានឆ្លើយថា៖ «សារទាំងនោះ គឺថា បន្ថយភាពតានតឹង ត្រឡប់ទៅតុចរចាវិញ ហើយស្វែងរកវិធីមិនប្រើវិធីសាស្ត្រសង្គ្រាម និងវិធានការយោធា ជាមធ្យោបាយរបស់អ្នក ដើម្បីសម្រេចបានអ្វីមួយ»៕