ក្រុមមន្រ្តីឧស្សាហកម្មនិយាយថា ឧស្សាហកម្មក្បឿង និងសេរ៉ាមិចតម្លៃ ៧ពាន់លានដុល្លាររបស់ឥណ្ឌា ប្រឈមនឹងការបិទផលិតកម្ម ស្របពេលជម្លោះកើនឡើងនៅតំបន់មជ្ឈិមបូព៌ា បានបង្អាក់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ គំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋរាប់ម៉ឺននាក់ ។
ទីក្រុង Morbi ស្ថិតក្នុងរដ្ឋកំណើត Gujarat របស់លោកនាយករដ្ឋមន្រ្តី Narendra Modi នៅភាគខាងលិចប្រទេសឥណ្ឌា ស្ថិតក្នុងចំណោមមជ្ឈមណ្ឌលផលិតសេរ៉ាមិចធំជាងគេបំផុតរបស់ពិភពលោក ហើយនិងជាឆ្អឹងខ្នងនៃឧស្សាហកម្មក្បឿងរបស់ឥណ្ឌា ។
សង្រ្គាមសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអីរ៉ង់ បានបង្អាក់ដល់ការដឹកជញ្ជូនប្រេងឥន្ធនៈចេញពីតំបន់មជ្ឈិមបូព៌ា ធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មដែលពឹងផ្អែកលើប្រូប៉ែន និងឧស្ម័នធម្មជាតិ ដើម្បីដុតឡរបស់ខ្លួន ។
ក្រុមមន្រ្តីនិយាយថា ភាគច្រើននៃក្រុមហ៊ុនផលិតសេរ៉ាមិចប្រហែល ៨០០ក្រុមហ៊ុន ដែលផលិតក្បឿង សម្ភារៈអនាម័យ និងផលិតផលផ្សេងៗទៀត បានរងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ហើយនិងការផ្អាកការនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ា ៕