រដ្ឋមន្ត្រីក្រសួងការពារជាតិក្រិក នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ បាននិយាយថា ប្រព័ន្ធមីស៊ីល Patriot ១គ្រឿង និងយន្តហោះចម្បាំង F-16 ចំនួន ២គ្រឿង នឹងត្រូវបានដាក់ពង្រាយនៅភាគខាងជើងប្រទេស ដើម្បីជួយការពារប៊ុលហ្គារីពីការវាយប្រហារដោយអ៊ីរ៉ង់ ខណៈភ្លើងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ឆាបឆេះយ៉ាងសន្ធោសន្ធៅខ្លាំងឡើងៗ។
លោក Nikos Dendias បាននិយាយតាមរយៈកញ្ចក់ទូរទស្សន៍ថា៖ «ប្រព័ន្ធមីស៊ីល Patriot ១គ្រឿង នឹងត្រូវបានផ្ទេរក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ទៅកាន់ភាគខាងជើងនៃប្រទេសក្រិក ដើម្បីធានាជួយលើកកម្ពស់សមត្ថភាព ប្រឆាំងនឹងមីស៊ីលបាលីស្ទិក សម្រាប់ផ្នែកធំមួយនៃទឹកដីប៊ុលហ្គារី”។
លោកបាននិយាយថា ប្រទេសក្រិកនឹងផ្តល់ «ជំនួយដែលអាចធ្វើទៅបានទាំងអស់ ដើម្បីជួយប៊ុលហ្គារីការពារមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីការគំរាមកំហែងណាមួយឡើយ។
លោក Dendias បានបញ្ជាក់ថា លោកបានទាក់ទងក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិប៊ុលហ្គារី លោក Atanas Zapryanov បន្ទាប់ពីមានសំណើជាផ្លូវការពីទីក្រុង Sofia សម្រាប់ជំនួយឲ្យជួយបង្កើនសមត្ថភាពការពារ។
បន្ថែមពីលើនោះ យន្តហោះចម្បាំង F-16 ២គ្រឿង នឹងត្រូវផ្ទេរទៅកាន់អាកាសយានដ្ឋានមួយ នៅភាគខាងជើងប្រទេសក្រិក ជាមួយនឹងបេសកកម្មជាក់លាក់ ក្នុងការផ្តល់ការលើកកម្ពស់សមត្ថភាពបន្ថែម សម្រាប់ប្រទេសប៊ុលហ្គារី៕